អាជ្ញាធរ​ខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ​ ប្រឆាំងជំងឺ COVID-19 និងណែនាំអំពីការថែទាំសុខភាព​ ដល់បងប្អូនខ្មែរឥស្លាម​ នៅ​ស្រុក​កងមាស​

0

កំពង់ចាម​:​ ក្រោយ​​ពី​​ក្រសួង​សុខាភិបាល​ បានប្រកាសថាបានរកឃើញអ្នក​ផ្ទុក​មេរោគកូវិដ១៩ ចំនួន០៧នាក់​​ ដែលជា​ជនជាតិ​ម៉ាឡេស៊ី​ បានមកធ្វើការងារសាសនា​ នៅស្រុក​កងមាស​ ជា​បន្តបន្ទាប់​ រួចមក​​ ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ និង​ជាកិច្ចការ​ ការ​ពារដល់សុខសុវត្ថិភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងនោះ​ នាព្រឹក​ថ្ងៃ​ទី​២១​ ខែមិនា​ ឆ្នាំ​២០២០នេះ​ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម លោក​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​ និង​ជា​ប្រធាន​ ស.ស.យ.ក​ ខេត្តកំពង់ចាម​ រួមដំណេីរ​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​ បាន​ដឹកនាំ​ក្រុម​យុវជន​ ស.ស.យ.ក​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​នៅ​វិហារ​ឥស្លាម​ ដែល​ជនជាតិ​ម៉ាឡេស៊ី​ទាំង​នោះ​ចូលរួមថ្វាយបង្គុំ​ព្រះ​ និង​ទីតាំង​ស្នាក់នៅ​បណ្តោះអាសន្ន​ផង​ដែរ​។

លោក​ ភោគ​ សាវុធ​ អភិបាល​ស្រុក​កងមាស​ បាន​ឲ្យដឹង​ថា​ ក្នុង​ការអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩​ ដែល​មាន​ការ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ផងនេះ​ មិនមែនជាការរើសអើងអ្វីឡើយ តែជាការយកចិត្តទុកដាក់ដល់សហគមន៍របស់យើងទាំងមូលដែលជាខ្មែរតែមួយ។ ដូច្នេះ​ក្រុម​ការងារ​បាន​ធ្វើ​ការ​បាញ់ថ្នាំសម្លាប់មេរោគ នៅវិហារឥស្លាម-សារ៉ាវ ចំនួន​៤កន្លែង​ និង​ផ្ទះគោលដៅ១ខ្នង ស្ថិតក្នុងឃុំរកាគយ និងឃុំ​អង្គរបាន​ នៃស្រុកកងមាស​។

ព្រមទាំង​បានពន្យល់បងប្អូនខ្មែរឥស្លាម​ អំពីការថែទាំសុខភាព ការញុះញង់អំពីការរើសអើង ការការពារមេរោគ Covid-19 ។ ថែមទាំង​បានកំណត់​ឲ្យ​ចាក់សារផ្សព្វផ្សាយអំពីមេរោគ Covid-19 តាមវិហារនីមួយៗតាមមេក្រូដែលមានស្រាប់។
ជាមួយគ្នា​នោះ​ ក្រុមគ្រូពេទ្យជំនាញ ក៏បានចុះទៅប្រមូលសំណាកមនុស្ស​ចំនួន​៤០នាក់​ ​ដែលមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ​ ជាមួយជនជាតិម៉ាឡេស៉ី​ទាំង៧នាក់​ ដែលមានផ្ទុកមេរោគ Covid-19 នៅស្រុកកងមាស ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ​ ផង​ដែរ​ ៕