អភិបាលខេត្តមណ្ឌលគិរីនិងមន្ត្រីច្រើនរូបទៀតប្រកាសបរិច្ចាគប្រាក់ បៀវត្ស ចូលរួមយុទ្ធនាការប្រឆាំងវីរុសកូវីដ១៩

ដោយៈសាតចាន់បុត្រ មណ្ឌលគិរីៈនៅប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា ដោយសណ្តានចិត្តនិងឆន្ទៈខ្ពស់ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប បានបរិច្ចាគ នូវប្រាក់ខែ របស់ខ្លួន ចូលរួមចំណែក ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ១៩ ដែលកំពុងរាត្បាតក្នុងតំបន់និងសកលលោកទាំងមូល។

ក្នុងនោះដែរលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់លោក សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រកាសបរិច្ចាកប្រាក់ខែចំនួន៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បរិច្ចាកប្រាក់បៀវត្សរបស់ខ្លួនចំនួន ៩០មុឺនរៀល រៀងរាល់ខែ រយៈពេល៧ខែ គិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា។លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បរិច្ចាកប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០មុឺនរៀល រៀងរាល់ខែ រយៈពេល៦ខែ គិតចាប់ពីខែមេសា ដល់ខែកញ្ញា

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត ៥០មុឺនរៀល រៀងរាល់ខែ រយៈពេល៦ខែ គិតចាប់ពីខែមេសា ដល់ខែកញ្ញា ។ក្រៅអំពីដូចរៀបរាប់ខាងលើនៅមានអភិបាល អភិបាលរងស្រុកក្រុង មន្ត្រីរាជការជាច្រើនរូបទៀតដែលបានចូលរួមបរិច្ចាកប្រាក់បៀវត្ស ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕