បុរសម្នាក់ដួលបែកពពុះមាត់ស្លាប់សមត្ថកិច្ចសណ្ឋានថាដោយសារខ្យល់គរ

កំពង់ធំ៖ អាណោចអាធម័ណាស់បុរសចំណាស់ម្នាក់ខ្យល់គរស្លាប់ខណៈដើរទៅមើលចំការដំឡូង នៅភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីនៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ នៅចំណុចតំបន់ត្រពាំងស្បែងខាងកើតប្រឡាយព្រែកជីកចម្ងាយ ២គីឡូម៉ែត្រ ក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ មាស សាទ ភេទប្រុស អាយុ ៦០ ឆ្នាំជនជាតិខ្មែរ នៅភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ តាមការបំភ្លឺរបស់ឈ្មោះ គៀត សាយ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិជាមួយបានរៀបរាប់ចំពោះមុខសមត្ថកិច្ចយើងថា៖ ពេលគាត់កំពុងតែភ្ជួរចំការដែលនៅជិតចំការរបស់ជនរងគ្រោះពេលនោះក៏មានក្មេងម្នាក់ឈ្មោះ គុំ សល់ភេទប្រុស អាយុ ១៣ឆ្នាំ ដែលត្រូវជាចៅរបស់ជនរងគ្រោះខាងលើបានរត់មកហៅខ្ញុំឱ្យទៅជួយមើលតារបស់គេដែលមានអាការៈមិនស្រួលខ្លួនពេលខ្ញុំទៅដល់ក៏បានឃើញគាត់បែកពពុះ មាត់ហើយខ្ញុំក៏ទៅជួយរឹតរួចសួរគាត់ថាទៅផ្ទះវិញកើតអត់ពេលនោះគាត់បាននិយាយជាមួយខ្ញុំថាទៅមិនរួចទេបានប្រហែលជា ១០នាទីគាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។

និងតាមការបំភ្លឺរបស់ឈ្មោះ ជឹម  ខន  ភេទស្រី អាយុ ៥៥ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ នៅភូមិ/ឃុំកើតហេតុ បានរៀបរាប់ជូនសមត្ថកិច្ចយើងថា មុនកើតហេតុ ម៉ោងប្រហែល ១១ និង ០០នាទី ប្ដីឈ្មោះ មាស សាទ បាននិយាយ ប្រាប់គាត់ថាទៅមើលចំការដំឡូងតែគាត់បានឃាត់មិន បាច់ទៅមើលទេព្រោះគាត់ដឹងថាប្ដីរបស់គាត់មិនសូវស្រួល ខ្លួនតែប្ដីរបស់គាត់នៅតែទាញម៉ូតូជិះទៅជាមួយចៅប្រុសរបស់គាត់លុះដល់ម៉ោងប្រហែល ១១ និង ៣០ នាទីស្រាប់ តែមានគេប្រាប់គាត់ថាប្ដីរបស់គាត់បានស្លាប់នៅចំការដំឡូងបាត់ហើយ ។

ក្រោយដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជា មួយ លោកមេឃុំ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសពនិងទីកន្លែងកើតហេតុ ឆ្លងតាមការពិនិត្យនៅលើដងខ្លួនសាកសពយើងពុំឃើញមានស្លាក ស្នាមអ្វីគួរកត់សម្គាល់ឡើយ ហើយបានសន្និដ្ឋានថា៖ ជនរងគ្រោះបានស្លាប់ដោយសារ ខ្យល់គរ ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ប៊ុន រដ្ឋា