អភិបាល ស្រុក កោះសូទិន ចូលរួម ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូន ពលរដ្ឋខ្មែរ-ឥស្លាម ជាង២០០គ្រួសារ

0

កំពង់ចាម: លោក យី វណ្ណៈ អភិបាល ស្រុក កោះសូទិន រួម នឹង មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២១ ខែមេសា ឆ្នាំ ២០២០នេះ បាន អញ្ជើញ ចូល រួម ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ចំនួន២៣៧ គ្រួសារ ស្ថិត នៅ ក្នុង ភូមិទី១៣ ឃុំ កោះសូទិន ស្រុក កោះសូទិន ខេត្តកំពង់ចាម ដែល ជា អំណោយ របស់ សប្បុរសជន នានា នៅ ប្រទេស ម៉ាឡេស៊ី ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោក យី វណ្ណៈ អភិបាល ស្រុក កោះសូទិន បានរំលឹកឡើងវិញ អំពី ប្រវត្តិ ជូរចត់ ពីអតីតកាល សម័យប៉ុល ពត ៣ឆ្នាំ ៨ខែ២០ថ្ងៃ ដែល ជំនឿសាសនា ទាំងអស់ ត្រូវបានបំបិទសិទ្ធសេរីភាព មិនថាព្រះពុទ្ធសាសនា ឬ ឥស្លាម សាសនាឡើយ តែដោយ នយោបាយ ឈ្នះ ៗ ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន ទើបធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ ក្នុងនោះជំនឿសាសនា ក៏រស់ឡើងវិញ ហើយពុកម៉ែបបងប្អូនខ្មែរ-ឥស្លាមក៏អាចគោរព ប្រកាន់ទំនៀមទំលាប់របស់ខ្លួនបានរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នា នោះ លោក អភិបាល ស្រុក ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូម ឲ្យ មានការ ចូលរួម បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង គ្រួសារ ក៏ដូចជា នៅ ក្នុង សហគមន៍ ទាំង មូល ពោលគឺ ត្រូវ ជៀសវាងការជួបជុំគ្នា ក្នុង ពិធី ធំ ៗ និង ត្រូវ ពាក់ម៉ាស់ នៅ ទី ប្រជុំជន ព្រមទាំង លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង វាស់ស្ទង់ កម្ដៅ ជា រៀង រាល់ ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ ។

លោក លី មូសា សមាជិក ក្រុម ប្រឹក្សា ស្រុក កោះសូទិន និង ជា អ៊ីម៊ាំ ស្រុក កោះសូទិន បាន ធ្វេី ការ ថ្លែង អំណរគុណ ចំពោះ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា សប្បុរសជន នានា ទាំង ក្នុង និង ក្រៅ ប្រទេស ដែល តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ ក្នុងការរស់នៅរបស់បងប្អូន ខ្មែរ ឥស្លាម ជានិច្ច ជាពិសេសនៅក្នុង រដូវ បួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង ដែល បាន ផ្តល់ អំណោយ ជា អង្ករ ០៨គីឡូក្រាម ស្ករស ០៣គីឡូ ទឹក ដោះគោ០២កំប៉ុង ទឹកស៊ីរ៉ូ ០១ដប ប្រេងឆា ០១ដប សាគូ ០១គីឡូ និង តែ០១ កញ្ចប់ គិត ជា ថវិកា អស់ ៤.៥៤០០៛ សម្រាប់ ក្នុង ០១គ្រួសារ ដែល សរុប រួម អស់ ថវិកា ចំនួន ១០.៧៥៩.៨០០៛ សម្រាប់ ចែក ជូន ប្រជាពលរដ្ឋ ចំនួន ២៣៧ គ្រួសារ ៕