ទេសរដ្ឋមន្ត្រី មាស សុភា បាននាំយកសម្ភារៈបរិក្ខា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មកផ្តល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេស ដែលមានការអមដំណើរពី គណៈប្រតិភូរាជរដ្ឋាភិបាល និងមានការចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ និងអង្គភាពជុំវិញខេត្ត បាននាំយកសម្ភារៈបរិក្ខាប្រើប្រាស់ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មកផ្តល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៨មេសាឆ្នាំ២០២០ នៅក្នុងបរិវេណ មន្ទីរសុខាភិបាល ខេត្តព្រះវិហារ។
សម្ភារៈដែលមន្ទីរសុខាភិបាលខេត្តព្រះវិហារ ទទួលបានពីថ្នាក់ដឹកនាំនាពេលនោះ រួមមាន៖ ម៉ាសចំនួន ២ម៉ឺន ៦ពាន់ម៉ាស់ អាល់កុល ចំនួន ៦៥០លីត្រ អំបិល ៣០០គីឡូក្រាម និងម៉ាស៊ីនវាស់កំដៅ ចំនួន ៦០គ្រឿង ថែមទៀតផង។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គង់ ឡូ បានថ្លែងថា សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា កូវីដ១៩ ដែលមន្ត្រី នៃមន្ទីរសុខាភិបាលខេត្ត ទទួលបានពីថ្នាក់ដឹកនាំនៅក្នុងពេលនេះ គឺពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំង សម្រាប់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ យកមកប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺរលាកសួត កូរ៉ូណាវីរុស COVID-19 នៅក្នុងពេលនេះ។ លោក គង់ ឡូ បានបន្តថា មន្ទីរសុខាភិបាលខេត្ត បាននិងកំពុងធ្វើសកម្មភាពអនុវត្តការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា កូវីដ១៩ នៅក្នុងខេត្ត ទៅតាមដំណាក់កាលនីមួយៗ មាន៣ដំណាក់កាល គឺ ១-សកម្មភាពមុនពេលមានករណីជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី « ជំងឺកូវីដ១៩ » ដោយមន្ទីរបានរៀបចំផែនការ ប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគៀងគរសម្ភារៈ និងថវិកា រៀបចំផែនការចុះផ្សព្វផ្សាយ ស្តីពី ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី កូវីដ១៩ ទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅតាមសាលារៀន និងបានរៀបចំ អគារដាច់ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ក្នុងខេត្ត។ ២- សកម្មភាពពេលមានករណី ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី កូវីដ១៩ ដោយមន្ទីរបានផ្លាស់ប្តូរនីតិវិធី ពីការប្រមូលផ្តុំប្រជាពលរដ្ឋ មកធ្វើការអប់រំផ្សព្វផ្សាយ តាមរយះការប្រើឧបករណ៍បំពងសម្លេង ចាក់ផ្សាយតាមភូមិ និងតាមទីប្រជុំជន ដូចជា នៅទីផ្សារជាដើម ចែកខិតប័ណ្ណអប់រំប្រជាពលរដ្ឋតាមផ្ទះ បិទposter តាមទីសាធារណៈ តាមផ្ទះប្រជាពលរដ្ឋ ផ្សព្វផ្សាយតាមវិទ្យុខេត្ត និងកម្មវិធីជជែក ស្តីពី ជំងឺកូវីដ១៩។ ៣- សកម្មភាពមានពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ មុនចូលឆ្នាំខ្មែរ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត ផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្ររបស់ គណៈកម្មាធិការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្តីពី ការគ្រប់គ្រងពលករ ត្រឡប់ពីប្រទេសថៃ ដោយគំហ៊ុក ដល់សមាជិកគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត។ ហើយមន្ទីរ ក៏ទទួលបានគោលការណ៍ណែនាំ ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តព្រះវិហារ ផងដែរ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ទទួលបន្ទុកបេសកកម្មពិសេស លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត តែងបានរួមសហការគ្នា ចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តាមរយះការចុះផ្សព្វផ្សាយ អប់រំ នៅតាមមូលដ្ឋាន ធ្វើអោយប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ពីភាពគ្រោះថ្នាក់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ដាស់តឿន អោយគ្រប់ៗគ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ពីការរាតបាត នៃមេរោគកូវីដ១៩ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងទឹកជែល អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នាជាប្រចាំ ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។ លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺកូវីដ កំពុងបន្តឆ្លង និងរាតត្បាត នៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ ។ ប៉ុន្តែ កម្ពុជា នៅគ្រាបច្ចុប្បន្ន អ្នកឆ្លងជំងឺកូវីដ១៩នេះ បានថយមកនូវកម្រិតទៀតបំផុត តែទោះជាយ៉ាង ក៏ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចផុតពីការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ៕
ដោយ ឡុង សំបូរ