អភិបាលខេត្តកំពង់ចាម​ ចុះ​ត្រួតពិនិត្យ​ និងពង្រឹងលេីការងារ​ ការពារ​ សន្តិសុខ​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ក្នុងពិធីដង្ហែ​បុណ្យ​សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

0

កំពង់ចាម: អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ អជ្ញាធរ​មាន​សមត្ថកិច្ច​ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បាន​អញ្ជើញ​ចុះត្រួតពិនិត្យកង​កម្លាំងអន្តរាគមន៍​ កម្លាំងប្រជាការពារ ដែលប្រចាំការ នៅតាមបណ្ដោយផ្លូវជាតិលេខ៦​ និង​លេខ​៧​ ចាប់ពី​ចំណុច​ព្រំប្រទល់ខេត្តកណ្តាល រហូត​មកដល់ស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ ដេីម្បីពង្រឹង​លេី កិច្ចការ​ ការពារ​សន្តិសុខ​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ក្នុងពិធីដង្ហែបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល​ត្រូវធ្វើការដង្ហែ​ចេញ​ពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីប្រារព្ធពិធីបុណ្យទៅតាម​គន្លង​ប្រពៃណីសាសនា​ នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិត​នៅ​ក្នុង​ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរអញ្ជេីញចុះត្រួតពិនិត្យនោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ និងលោកឧត្តមសេនីយ៍ស្នងការ​ ក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ត្រី​កង​កម្លាំង​ឈរ​ជើង​គ្រប់​គោលដៅ​ដែល​មាន​​នៅ​ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម​ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ រួមសហការ​គ្នា​ ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ ជូន​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ នៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និង​ថ្នាក់ដឹកនាំ​មកពីក្រសួង​ស្ថាប័ន​នានា​ រួម​ទាំង​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ក្នុង​ពិធី​ដង្ហែ​សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។​​ ហើយត្រូវ​ប្រារព្ធពិធីបុណ្យទៅតាម​គន្លង​ប្រពៃណីសាសនា​ នៅភូមិគ្រឹះស្រុកកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិត​នៅ​ក្នុង​ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ និង​លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​​ឧបត្ថម្ភ​ជា​​ថវិកា​ ដល់កងកម្លាំងដែលឈរជេីង​ នៅតាមគោលដៅទាំង​នោះ ផងដែរ៕