អាជ្ញាធរជាតិអប្សរាបើកទីតាំងទទួលពាក្យចំនួន៣បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការស្នើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ

0

សៀមរាប៖ កន្លែងទទួលពាក្យចំនួន៣កន្លែងទើបនឹងបង្កើតទីតាំងបន្ថែមទៀត ទី១ នៅមជ្ឈមណ្ឌលសេវាកម្មអតីតបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទី២ ច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គរធំ និងទី៣ នៅស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការហើយ ដើម្បីសម្រួលដល់ការស្នើសុំសាងសង់ផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរ។

ជាក់ស្តែងរយៈពេល១មួយសប្តាហ៍ចុងខែមេសាកន្លងទៅ អាជ្ញាធរជាតិអប្សរាបានទទួលពាក្យស្នើសុំសាងសង់ថ្មី និងជួសជុលចំនួន៥២ករណី ហើយក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរបានចុះពិនិត្យសំណើសុំសាងសង់ទាំងនេះបានចំនួន២៤ករណី ជួយសម្រួល និងរៀបចំគំនូសប្លង់ជូនប្រជាពលរដ្ឋបាន៦ករណី បំណងឱ្យពលរដ្ឋយកទៅសាងសង់ឱ្យបានត្រឹមត្រូវ និងរក្សាបាននូវស្ថាបត្យកម្មមានលក្ខណៈជាខ្មែរ។

អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។ ពិសេសការបង្កើតឱ្យមានបញ្ជរទទួលពាក្យឱ្យមានតាមតំបន់ទាំង៣នេះ នឹងជួយសម្រួលដល់ការលំបាកឱ្យមានតិច កាត់បន្ថយពេលវេលា រួមនឹងការចំណាយលើមធ្យោបាយធ្វើដំណើរផង៕