ខ្យល់កន្ត្រាក់បានបោកបក់បំប៉ើងផ្ទះប្រជាពលរដ្ឋ ១១ខ្នង រងការខូចខាតធ្ងន់និងស្រាល កុមារាពីរនាក់បានរងរបួសធ្ងន់

0

ឧត្តរមានជ័យ៖ កុមារាពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ សត្វគោពីរក្បាលបានស្លាប់ដោយសាររន្ទះបាញ់ និងលំនៅដ្ឋានប្រជាពលរដ្ឋ ១១ខ្នង បានរងការខូចខាតធ្ងន់ និងស្រាល បន្ទាប់ពីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងមួយមេធំ បានបោកបក់ចុះមកចំស្រុកចំនួនពីរ គឺក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី១០ឧសភាឆ្នាំ២០២០។
មន្ត្រី នៃអាជ្ញាធរមូលដ្ឋាន បានប្រាប់អោយដឹងថា ខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធំ បានបោកបក់ចុះមក ដោយគ្របដណ្តប់លើក្រុង១ និង១ស្រុក គឺក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ បណ្តាលអោយផ្ទះប្រជាពលរដ្ឋ ១១ខ្នង ទ្រេត ធ្លាក់សសរពីជើងតាង រងការរបើកដំបូល និងជញ្ជាំង បាក់រលំដើមឈើ ធ្វើអោយកុមារាពីរនាក់រងរបួសធ្ងន់ និងសត្វគោ២ក្បាល ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្នុងពេលនោះ។ លោកថា នៅក្នុងស្រុកត្រពាំងប្រាសាទ មានផ្ទះប្រជាពលរដ្ឋ ៦ខ្នង បានរងការប៉ះពាល់ខូចខាតស្រាល ៣ខ្នង ខូចខាតទាំងស្រុង៣ខ្នង និងកុមារាពីរនាក់ ម្នាក់មានអាយុ៦ឆ្នាំ និងម្នាក់ទៀត មានអាយុ១២ឆ្នាំ បានរងរបួសធ្ងន់ ដោយសារការដួលរលំផ្ទះ ហើយឈើខ្ទាតត្រូវ ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ។
ដោយឡែក នៅក្នុងក្រុងសំរោង ផ្ទះប្រជាពលរដ្ឋ ៥ខ្នង បានរងការខូចខាតទាំងស្រុង និងសត្វគោពីរក្បាល បានស្លាប់ដោយសារន្ទះបាញ់ នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ នៅក្នុងភូមិសំបួរមាស និងភូមិត្នោត នៃសង្កាត់បន្សាយរាក់។ លោកបានបញ្ជាក់ថា កុមារាទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ ហើយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និងក្រោយមកដោយសារសភាពជំងឺធ្ងន់ធ្ងរពេក ក៏បានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបអង្គរ ៕ ដោយ៖ឡុង សំបូរ