ប្រជាពលរដ្ឋ៩៩គ្រួសារ ក្នុងចំណោម១០៤៥គ្រួសារ រស់នៅភូមិធម្មជាតិសម្តេចតេជោ ស្រុកជាំក្សាន្ត បានចូលចាប់ឆ្នោតទទួលយកដីកសិកម្មជំហ៊ានដំបូង ពីអាជ្ញាធរខេត្តព្រះវិហារ!

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកលេខដីឡូតិ៍កសិកម្ម ជូនប្រជាពលរដ្ឋចំនួន៩៩គ្រួសារ ក្នុងចំណោម១០៤៥គ្រួសារ រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ពន្ធ័ និងអជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជាច្រើនរូបទៀត។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា ដីឡូតិ៍កសិកម្មដែលប្រគល់ ជូនប្រជាពលរដ្ឋនេះ គឺផ្តើមចេញពីអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព លើផ្ទៃដីចំនួន ៥,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ខេត្តព្រះវិហារទទួលបានអនុក្រឹត្យកំណត់តំបន់សហគមន៍ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិអភិបាលខេត្តមុនៗ។ ដោយឡែកក្នុងឆ្នាំ២០២០ក្នុងអាណត្តិ របស់ឯកឧត្តមជាអភិបាលខេត្ត បានចាត់តាំងក្រុមការងារគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត រៀបចំផ្តល់ដីសម្បទានសង្គមកិច្ច (ដីកសិកម្ម) ជូនប្រជាពលរដ្ឋ ចំនួន១០៤៥គ្រួសារ ដែលបានទទួលដីលំនៅដ្ឋានក្នុងភូមិធម្មជាតិរួចហើយ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានឱ្យដឹងទៀតថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួន ហើយបាតុភាពរំលោភបំពាន លើដីធ្លី ដែលធ្លាប់ជួបប្រទះនៅពេលមុនៗ នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ ទន្ទឹមនេះប្រជាពលរដ្ឋដែលទទួលបានដីកសិកម្ម២ហិកតានេះ មានសិទ្ធប្រើប្រាស់អាស្រ័យ ផលផ្តាច់មុខ និងទូលំទូលាយដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់ ហើយត្រូវប្រើប្រាស់ដីនេះដាំដំណាំផ្សេងៗ ជាបន្តាបន្ទាប់ឱ្យគ្រប់រយៈពេល ៥ឆ្នាំទើបអាចមានសិទ្ធយកដីនេះទៅលក់ដូរ ជួល ផ្ទេរ ឫបញ្ចាំធានាគារបាន។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក៍បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ព្រមទាំងបទបញ្ជា របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ត្រូវហាមឃាត់ ជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិ របស់ប្រទេសជាតិឱ្យមានចីរភាព តជំនាន់ទៅអនាគត។

ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារនៃគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយស្មាតីលះបង់ខ្ពស់ ក្នុងការរៀបចំកិច្ចដំណើរការ នៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ទៅតាមជំហ៊ានការងារ រួមមាន៖ ការរៀបចំធ្វើផ្លូវ ទទឹង៣០ម៉ែត្រ និងផ្លូវទទឹង១៥ម៉ែត្រ រៀបចំបោះបង្គោលព្រំដីកសិកម្ម រៀបចំផ្ទៀងផ្ទាត់មុខសញ្ញាអ្នកទទួលដីសរុបចំនួន ១០៤៥គ្រួសារ រៀបចំធ្វើពិធីចាប់ឆ្នោត ប្រគល់ដីឡូតិ៍កសិកម្មចំនួន៩៩ឡូតិ៍ ស្មើនិង១៩៨ហិកតា ចំពោះបងប្អូនដែលមិនទាន់ទទួលបាននៅថ្ងៃនេះ និងបានទទួលនៅថ្ងៃក្រោយបន្តបន្ទាប់ទៀត៕