អភិបាលខេត្តសៀមរាប ពិនិត្យស្ថានភាពអាងស្តុកទឹកនៅទំនប់៧៨ សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងជិតបី ម៉ឺនហិកតា

0

សៀមរាប៖ នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំ ក្រុមការងារជំនាញសាលាខេត្ត និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទំនប់៧៨ ដែលមានសក្ដានុពលក្នុងការទាញទឹកទន្លេ យកមករក្សា ក្នុងអាងស្តុកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង។
តាមរបាយការណ៍របស់ មន្ទីរធនធានទឹកខេត្តសៀមរាបទំនប់៧៨ មានប្រវែងសរុបជិត៨៧គីឡូម៉ែត្រ គ្រប់ដណ្ដប់លើស្រុកក្រុងចំនួន៥ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប និងអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងជិតបីម៉ឺនហិកតា។
តាមការបញ្ជាក់ របស់លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បង្ហាញថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តមអភិបាលខេត្ត ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ នៅតាមភូមិឃុំ ក្នុងភូមិសាស្ត្រទំនប់៧៨ ឯកឧត្តមបានចុះមកពិនិត្យស្ថានភាពនៅតាមខ្នងទំនប់ និងទ្វារទឹកមួយចំនួន ដោយផ្ទាល់ ចាប់ពីស្រុកសូទ្រនិគម រហូតដល់ព្រំប្រទល់ រវាងក្រុងសៀមរាប និងស្រុកពួក។
តាមការប៉ាន់ស្មានរបស់ លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ទំនប់៧៨ មានការខូចខាតប្រហែល 50ភាគរយ ដែលទាមទារឲ្យមានសិក្សាជាមុន ដើម្បីរកប្រភពថវិកាសម្រាប់ធ្វើការជួសជុល៕