កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ”ព្រៃឡង់” និងតាមបណ្តាលតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ”ព្រៃឡង់” និងតាមបណ្តាតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងឯកឧត្តម ស៊ូ សិរី អភិបាលខេត្តស្តីទី ព្រមទាំងមានការចូលរួមពីអភិបាលស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសមាជិកក្រុមការងារសម្របសម្រួល។

ឯកឧត្តម ស៊ូ សិរី អភិបាលខេត្តស្តីទី បានលើកឡើងថា ខេត្តព្រះវិហារស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគខាងជើងសម្បូរព្រៃឈើ ដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ ធនធានរ៉ែ និងសំណង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ តំបន់ខ្ពង់រាបភូមិភាគខាងជើងនេះគ្របដណ្តប់ភាគច្រើនដោយព្រៃល្បោះ និងមានប្រភពទឹកជាច្រើន ដែលមានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ក្នុងការទ្រទ្រង់ប្រភពចំណីអាហារដល់ប្រភេទសត្វព្រៃសំខាន់ៗរស់នៅ។ ស្ទឹងសែន និងដៃរបស់វាដែលហូរកាត់ខេត្តនេះ គឺជាទំនប់ទឹកធំបំផុតដែលហូរចាក់ទៅក្នុងបឹងទន្លេសាប ដែលវាជាក្បាលទឹកក្នុងខេត្តព្រះ វិហារ ហើយវាមានសារៈសំខាន់ចំពោះអាកាសធាតុ និងសន្តិសុខស្បៀង។

ឯកឧត្តម ក៏បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីប្រកាសសមាសភាពក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីឲ្យក្រុមការងារយល់ច្បាស់ពីតួនាទី ការទទួលខុសត្រូវរបស់ខ្លួន និងជាពិសេស ពិនិត្យ ពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ការងារកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារ។

ឯកឧត្តម សូ ខឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សរុបមានចំនួន០៩កន្លែង និងមានទំហំផ្ទែដីសរុបប្រមាណជាង ៧៧ម៉ឺនហិកតា ដែលសម្បូរដោយជីវៈចម្រុះគ្រប់ប្រភេទ និងវត្តមានប្រភេទសត្វកម្រជាច្រើនប្រភេទកំពុងរស់នៅ ពិសេសដំរីអាស៊ី ខ្ទីង ទាព្រៃស្លាបស ក្រៀល ត្មាត និងត្រយ៉ងយក្សជាដើម។ តំបន់ការពារធម្មជាតិនៅភូមិភាគខាងជើងនេះមិនត្រឹមតែដើរតួនាទីសំខាន់សម្រាប់ប្រភេទសត្វកម្ររ ថែមទាំងជាផ្ទៃ រងទឹកភ្លៀង និងទីជម្រាលដ៏សំខាន់របស់ស្ទឹងសែន និងស្ទឹងស្ទោង។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង០៩កន្លែង មន្ទីរបរិស្ថានដែលជាសេនាធិការរបស់ខេត្ត មានមន្រ្តីសរុបចំនួន១៥០នាក់ ក្នុងនោះមន្ត្រីឧទ្យានុរក្សមានចំនួន៩៣នាក់ ដោយចែកចេញជា ០៤ការិយាល័យគឺ៖
១. ការិយាល័យដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេ
២. ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃព្រះរកា-ឆែប
៣. ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ
៤. ការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា គម្រោងព្រៃឡង់បៃតង បាននឹងកំពុងសហការជាមួយមន្ទីរបរិស្ថាន ដែលបានអនុវត្តសកម្មភាពចំបងៗជាច្រើនក្នុងតំបន់ព្រៃឡង់ និងតំបន់ជុំវិញស្ថិតនៅភូមិសាស្ត្រខេត្តចំនួនបួនគឺ ខេត្តព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង និងកំពង់ធំ មានតំបន់ការពារធម្មជាតិចំនួន១៩កន្លែង ស្មើនឹងទំហំផ្ទៃដីសរុបប្រមាណជាង ៣,៣លានហិកតា។ គម្រោងនេះមានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវការអភិរក្សជីវចម្រុះ បង្កើនឱកាសសេដ្ឋកិច្ច និងពង្រឹងអភិបាលកិច្ចនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕