ជនសង្ស័យមួយក្រុមគាស់បន្ទប់លួចម៉ូតូបានសម្រេច ពេលឃើញសមត្ថកិច្ចរត់គេចខ្លួន

0

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដែលមានបក្ខពួកប្រមាណ ៣~៤នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចយកម៉ូតូហុងដាឌ្រីស៊េរីឆ្នាំ២០១៩មួយគ្រឿងបានសម្រេចប្រឹងជិះគេចខ្លួន តែត្រូវបានប្រទះជាមួយកម្លាំងសមត្ថកិចខណ្ឌមានជ័យល្បាតបានផ្តួលម៉ូតូរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នៅបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ស្រ្តីម្នាក់ដែលស្នាក់នៅបន្ទប់ជួលនឹងជាម្ចាស់ម៉ូតូបានរៀបរាប់ទាំងភ័យផងអរផង ថា ខ្លួនមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់បន្ទប់ជួលខាងលើ ដែលស្ថិត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ស្រ្តីខាងលើបានបន្តទៀតថា មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ២ទៅ៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេកយ៉ាងស្រួលដូចសព្វដង ប៉ុន្តែទ្វារមិនបានចាក់សោរទេ គ្រាន់តែចាក់កន្លឹះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានដាក់ក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។

គាត់បានបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ្កឹះសោរចូលក្នុងបន្ទប់តាំងពីពេលណាទេ ស្រាប់តែឃើញទ្វារចំហរ រីឯម៉ូតូបានបាត់ រួមទាំងលុយផងដែរទើបមានការភ្ញាក់ផ្អើលឆោរឡោរួចក៍បានរាយការជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមៗកម្លាំងល្បាតនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលមូលដ្ឋានធ្វើការចុះអន្តគមន៍ ល្បាតគ្រប់ច្រកល្ហក ក៏បានប្រះទះឃើញម៉ូតូដែលជនសង្ស័យជិះគេចពីសមត្ថកិច្ច រួចក៏ផ្តួលម៉ូតូចោលនៅក្បែរគំនរសម្រាមរត់គេចខ្លួនបាត់ស្រមោល។

ទោះយ៉ាងណាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ហើយលុយដុល្លារដែលបាត់មានចំនួន១៣០០ដុល្លារ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នសមត្ថកិច្ចនៅបន្តស្រាវជ្រាវកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់៕