ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវន័ មានសង្ឃដីកាអំពាវនាវដល់ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយវែកមុខរកចាប់ខ្លួនជនល្មើស ដែលបានបាញ់សម្លាប់សត្វទន្សោងនៅក្នុងដងព្រៃ នៃខេត្តឧត្តរមានជ័យ !

ខេត្តឧត្តរមានជ័យ៖ ព្រានព្រៃនៅតែបន្តលបលួច បរបាញ់សម្លាប់សត្វព្រៃ យកទៅធ្វើជំនួញដោយខុសច្បាប់ ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន មានសង្ឃដីកាអំពាវនាវដល់មន្ត្រីជំនាញជាន់ខ្ពស់ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ជាពិសេស ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយបើកការស៊ើបអង្កេត ស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ អោយខាងតែបាន។
សេចក្តីអំពាវនាវរបស់ ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន ព្រះតេជ្ជគណ ប៊ុន សាលួត គឺនៅក្រោយការប្រទះឃើញ សត្វទន្សោងឈ្មោលមួយក្បាល បានរងការស្អុយរលួយ ដោយសង្ស័យថា អាចមកពីការលនលួចបាញ់សម្លាប់ ពីព្រានព្រៃមួយក្រុមនោះរួចមក។
សត្វទន្សោងដ៏ធំមួយក្បាលនេះ ត្រូវបានរកឃើញ ដេកស្លាប់នៅក្នុងដងព្រៃមួយ ត្រង់ចំណុចអូរឬស្សី នៅខាងក្រោមទឹកជប់ ស្ថិតនៅក្នុងភូមិ គោកសំព័រ ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃសៅរ៍ ទី២០មិថុនាឆ្នាំ២០២០ ចុងសប្តាហ៍កន្លងទៅនេះ។
ប្រធានសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវន័ ព្រះតេជ្ជគណ ប៊ុន សាលួត ព្រះអង្គបានមានសង្ឃដីកាអោយដឹងថា ព្រះអង្គបានដឹកនាំមន្ត្រីសហគមន៍ចុះល្បាតព្រៃ ហើយក៏បានប្រទះឃើញ សត្វទន្សោងឈ្មោលដ៏ធំមួយក្បាល ដេកស្លាប់នៅក្នុងដងព្រៃ មានលក្ខណៈស្អុយរលួយទៅហើយ និងបើតាមការពិនិត្យ ឃើញថា នៅលើដងខ្លួនសត្វទន្សោង គឺមានស្នាមត្រូវគ្រាប់់កាំភ្លើង ចាញ់បាក់ឆ្អឹងជំនីចំនួនពីរ នៅផ្នែកខាងឆ្វេង នៃដងខ្លួន។ ព្រះអង្គ ប៊ុន សាលួត បានដាក់ការសង្ស័យថា ការស្លាប់របស់សត្វទន្សោងឈ្មោលដ៏ធំមួយក្បាលនេះ អាចបណ្តាលមកពីការលបលួចបរបាញ់ ពីជនល្មើសព្រានព្រៃមួយក្រុម ដោយសត្វទន្សោងបានរត់មកដេកស្លាប់ នៅក្នុងដងព្រៃក្បែរមាត់អូរមួយកន្លែង ហើយជនល្មើសស្វែងរកមិនឃើញ។
ព្រះតេជ្ជគណ ប៊ុន សាលួត មានសង្ឃដីកាបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសត្វទន្សោងពីរក្បាល បានរងការបាញ់សម្លាប់ពីក្រុមព្រានព្រៃ នៅក្នុងដែនជម្រសត្វព្រៃសង្ឃរុក្ខវ័ននេះ ដោយទី១ សត្វទន្សោង១ក្បាលបានជាប់អន្ទាក់ព្រានព្រៃ កាលពីចុងខែឧសភាឆ្នាំ២០២០ និងនៅលើទី២នេះទៀត សត្វទន្សោង១ក្បាលទៀត ត្រូវបានប្រទះឃើញដេកស្លាប់ មានសភាពហើម និងស្អុយរលួយ កាលពីថ្ងៃទី២០មិថុនាឆ្នាំ២០២០ ក្នុងចុងសប្តាហ៍មុននេះ។ ក្រោយការប្រទះឃើញ សត្វទន្សោងត្រូវបាននាំយកមកកប់ នៅទីស្នាក់ការកណ្តាលរបស់សហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន។
ព្រះតេជ្ជគន ប៊ុន សាលួត បានស្នើដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល សូមមេត្តាបើកការស៊ើបអង្កេត ដើម្បីស្វែងរកចាប់ជនល្មើស នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ អោយបានផង ដើម្បីបញ្ឈប់ការបរបាញ់សម្លាប់សត្វព្រៃ តទៅទៀត៕