ដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី

0

សៀមរាប៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ។ក្នុងឪកាសនោះដែរ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង-ស្រុក របស់ខេត្តនេះ បានចូលរួមសម្រេច នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវារដ្ឋបាលកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បញ្ជាក់ទៀតថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីកាត់បន្ថយ ភាពស្មុគស្មាញ និងភាពសាំញ៉ាំនៃបែបបទនិងនីតិវិធីរដ្ឋបាល សម្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវានានា ពីរដ្ឋបាលសាធារណៈ កាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយ ។ ជាមួយគ្នានេះ ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពអព្យាក្រឹត្យ មានតួនាទីទទួលសម្របសម្រួលដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ឬភាពមិនប្រក្រតីណាមួយ ក្នុងការផ្តល់សេវារបស់មន្ត្រីនៅរដ្ឋបាលមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងច្រកនេះ ត្រូវយកចិត្តទុកដាក់ធ្វើការងារបានល្អ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើកការផ្តល់សេវាសាធារណៈរបស់រដ្ឋ ។

គួរជម្រាបថា ការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ តាមរយៈនៃការធ្វើប្រតិភូកម្មមុខងារ ផ្ដល់សេវារដ្ឋបាលប្រមាណជាង២០០ប្រភេទសេវា ពីក្រសួង-ស្ថាប័ន ចំនួន១០។ ក្នុងនោះ ខេត្តសៀមរាប បានដំណើរការការិយាល័យទាំង២នេះ បានចំនួន៧កន្លែងលើ១២ក្រុង-ស្រុក។ ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាបបានផ្ដល់សេវាសរុប ចំនួនជាង ១ម៉ឺន៦ពាន់សេវា ក្នុងទំហំទឹកប្រាក់ចំណូលសេវា ប្រមាណជាង៥ពាន់លានរៀល លើវិស័យចំនួន ១៣ ៕