រដ្ឋបាលខេត្តកំពង់ធំអំពាវឲ្យប្រជាពលរដ្ឋដែលមិនមែនជាអ្នកអាស្រ័យផលជាក់ស្តែងក្នុងតំបន់បី កុំព្យាយាមប្តឹងចង់បានដី

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ កំពុងពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលប្រជាពលរដ្ឋប្តឹងតវ៉ា សុំដីធ្វើកសិកម្មក្នុងតំបន់បី ដែលតំបន់នេះជាដីហាមឃាត់ និងជាដីរក្សាទុករបស់រដ្ឋ។ 

  នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០, រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បើកដំណើរការកិច្ចប្រជុំដោះស្រាយវិវាទ ក្នុងករណីដែលប្រជាពលរដ្ឋ ប្រមាណជាង៤០០គ្រួសារប្តឹងសុំឲ្យរដ្ឋបាលខេត្តកំពង់ធំបែងចែកដីតាមអនុក្រឹត្រ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២/០៩/២០១៥ របស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះដែរ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនកំពុងចាញ់បោកបុគ្គលមួយ ចំនួនផ្សេងទៀត ដែលឈ្លាតឱកាសយកប្រជាពលរដ្ឋជាខែលមកដាក់ពាក្យប្តឹងសុំឲ្យរដ្ឋបាលខេត្ត កំពង់ធំ ធ្វើការបែងចែកដីនៅតំបន់ក្អកដំបង(វាលស្រង៉ែ)ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកបន្តថា ចំពោះការអនុវត្តតាមអនុសាស្ត្រ និងអនុក្រឹត្រ១០០៣ ស.ជ.ណ របស់រាជរដ្ឋាភិបាល គឺធ្វើឡើងមានការសិក្សាលំអិតឲ្យបានច្បាស់លាស់បំផុត ហើយធ្វើការបែងចែក ដីជូនតែបងប្អូនប្រជាដែលកំពុងអាស្រ័យផលជាក់ស្តែងតែប៉ុណ្ណោះ។ ក្នុងនោះការពាក់ព័ន្ធរបស់មន្រ្តី រាជការប្រមាណជាង១០រូប ដែលមានដីកំពុងជួលឲ្យប្រជាពលរដ្ឋអាស្រ័យផល! រដ្ឋបាលខេត្តគ្រោង នឹងដកហូតយកដីនេះមកវិញទុកជាសម្បត្តិរបស់រដ្ឋ ហើយនឹងធ្វើការដាក់ទោសទណ្ឌយ៉ាងណានោះ គឺជាសិទ្ធិរបស់ឯកឧត្តមអភិបាលខេត្ត។ សព្វថ្ងៃនេះរដ្ឋបាលខេត្តកំពង់ធំ បានដកហូតដីកំពុងជំលោះ ទាំងអស់នេះ មករក្សាទុកមិនមានកាភ្ជួររាស់ ឬក៏អាស្រ័យផលនៅទីនោះទេ។

លោកបន្តថា ខ្លឹមសារសំខាន់ៗទាំងប្រាំចំណុចនោះរួមមាន៖  ទី១. ក្រុមការងារខេត្តនឹងបន្តពន្លឿន ធ្វើការដោះស្រាយបណ្ដឹងខាងលើតាមខ្លឹមសារលើលិខិតលេខ ១៤៧៨ ខ.ន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ របស់ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ទី២. រដ្ឋបាលខេត្តមានចំណាត់ការជាបន្តបន្ទាប់ក្រោយពីទទួលបានលិខិតលេខ១៤៧៨ខ.ន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ របស់ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក ដោយ បានធ្វើការប្រជុំ និងចុះស្រាវជ្រាវនៅទីតាំងផ្ទាល់ជាច្រើនលើកមកហើយ,ទី៣.រដ្ឋបាលខេត្ត ពុំទាន់បានបែងចែកដីដែលសម្ដេចឆ្វៀលឲ្យប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ជូនដល់គ្រួសារណាមួយឡើយ ហើយក៏ពុំធ្លាប់បានធ្វើផែនទី សម្រាប់បែងចែកដី ជូនគ្រួសារណាមួយនោះទេ,ទី៤.តំណាងប្រជាពលរដ្ឋទទួលស្គាល់ផែនទីបង្ហាញដី ដែលក្រុម ការងារចុះស្រាវជ្រាវតាមការចង្អុលបង្ហាញរបស់តំណាងប្រជាពលរដ្ឋ ដែលបានប្ដឹងនៅតំបន់វាល ស្រង៉ែ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានទំហំ១,៧៨៥ហិចតា និងទី៥. រដ្ឋបាលខេត្ត នឹងបន្តធ្វើការស្រាវជ្រាវរកបញ្ជីឈ្មោះប្រជាពលរដ្ឋចំនួន៤២០គ្រួសារដែលបានស្នើសុំទៅសម្ដេច ក្នុងការឆ្វៀលដី នឹងរកប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលមុនសម្តេចប្រកាសឆ្វៀល ដើម្បីអនុវត្តតាមខ្លឹមសារលិខិតលេខ ១០៤៤ សជណចុះថ្ងៃទី២២/០៧/២០១៤ និងលិខិតលេខ ១០០៣ សជណចុះថ្ងៃទី០២/០៩/២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

  មហាជនទូទៅកំពុងរង់ចាំមើលថា តើឯកឧត្តមអភិបាលខេត្ត នឹងអនុវត្តយ៉ាងណាចំនោះ មន្រ្តីក្រោយឱវាទរបស់ខ្លួនដែលមានដីកំពុងមានដីជួលឲ្យប្រជាពលរដ្ឋធ្វើស្រែនៅទីនោះ ហើយក្រុម គ្រួសាររបស់មន្រ្តីខ្លះទៀត មានដីអាស្រ័យផលគ្រប់ៗគ្មា! រីឯប្រជាពលរដ្ឋខ្លះបែជាគ្មានដីទៅសម្រាប់ បង្កបង្កើនផលទៅវិញ។