អភិបាលខេត្តមណ្ឌលគិរី ព្រមានមន្រ្តីពាក់ព័ន្ធ ប្រសិនបើមានការបញ្ជាក់លើលិខិតទិញ-លក់ដីមិនស្របច្បាប់ត្រូវប្រឈមចំពោះមុខច្បាប់!

0

ខេត្តមណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានលើកឡើងនូវប្រសាសន៍ថា:ដោយសារមានការទិញ លក់ដីជាន់លើគ្នា ហើយមន្រ្តីជំនាញនៅតែបញ្ជាក់លើលិខិតកាន់កាប់ឲ្យទៀត នោះគឺជាការឃុបឃិតគ្នា ហើយក្លាយជាបញ្ហាស្មុគស្មាញនៅក្នុងខេត្ត ដូច្នេះសូមឲ្យអាជ្ញាធរក្រុង/ស្រុកនិងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវហាមដាច់ខាត ការចូលកាប់ទន្រា្ទនដីថ្មី ទោះបីជាអ្នកធំក៏ដោយ ត្រូវចាត់វិធានការណ៍តាមនីតិវិធីច្បាប់ ។ប្រសាសន៍នេះ លោកអភិបាលខេត្តមណ្ឌលគីរី បានថ្លែងកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារលិខិតលេខ១៩៦៣ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលកិច្ចប្រជុំពិភាក្សា និងរៀបចំយន្តការលើករណីដែលនៅសេសសល់ពាក់ព័ន្ធ និងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងជាយូរឆ្នាំមក ហើយនៅទីតាំងដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្រប់ព្រៃឈើក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោកអភិបាលខេត្តបានបញ្ជាក់ថា:បច្ចុប្បន្ននេះ មានមន្រ្តីខិលខូចមួយចំនួនបានដើរចង្អុរដីព្រៃលក់ ហើយអ្នកទិញចេះតែទិញ អ្នកលក់ ចេះតែលក់ទៅ ហើយបើសិនជាអភិបាលក្រុង/ស្រុក និងមេឃុំ ចៅសង្កាត់ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធ មានការបញ្ជាក់លើលិខិតទិញ-លក់លើដីទាំងនោះ វាគឺជាការខុសធ្ងន់ណាស់ ហើយនឹងត្រូវប្រឈមជាមួយផ្លូវច្បាប់ ។ ទន្ទឹមនោះលោកឧអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ ទាំងអស់ ត្រូវយកចិត្តទុកដាក់សហការគ្នា ក្នុងការគ្រប់គ្រងទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងជយូរឆ្នាំមកហើយនៅតំបន់ការពារធម្មជាតិ និងគម្រប់ព្រៃឈើនៅក្នុងខេត្ត ដើម្បីចាត់ចែង និងឆ្វៀលដី និងផ្តល់កម្មសិទ្ធិជូនពួកគាត់ ព្រមទាំងត្រៀមបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ផងដែរ ។

លោក អភិបាលខេត្ត បានណែនាំបន្ថែមដល់អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ ត្រូវខិតខំអប់រំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាទប់ស្កាត់នូវរាល់ការចូលទន្រ្ទានកាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ ការចូលទន្រ្ទានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព ឲ្យបានជាដាច់ខាត ៕