ក្រុម​អង់គ្លេស​ទាំងពីរ​បរាជ័យ​ខណៈ​ក្រុម​អេ​ស្ប៉ា​ញ​ទាំងពីរ​ជ័យជម្នះ​សម្រាប់​ការប្រកួត Uefa Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​ជើង​ទី ១

0

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​អង្គារ ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Man City ក្នុង​លទ្ធផល ២ ទលនឹង ០ ។ ការប្រកួត​នៅក្នុង​តង់​ទី ១ ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់​បាល់​បានទេ​ប៉ុន្តែ​ចូល​លេង​តង់​ទី​២​បានត្រឹមតែ ៨ នាទី​ប៉ុណ្ណោះ Barcelona ទទួលបាន​កាដូ​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​បន្ទាប់ពី​ខ្សែការពារ Demichelis របស់ Man City ធ្វើ​ឲ្យ​មាន​កំហុស​ហើយ​ត្រូវ​អ​ជ្ញា​កណ្តាល​ដក​កាត​ក្រហម​បណ្តេញចេញ ។ Messi ជា​អ្នកសម្រេច​គ្រាប់​បាល់​នេះ​ធ្វើ​ឲ្យ Barcelona នាំមុខ ១-០ ។ រៀបនឹង​បញ្ចប់​ការប្រកួត​ទៅហើយ Dani Alves បា​នរក​គ្រាប់​បាល់​ទី ២ ឲ្យ Barcelona ទទួល​ជ័យជម្នះ ។​ ​

ចំណែក​ការប្រកួត​ដំណាលគ្នា​នោះ ម្ចាស់ផ្ទះ Leverkusen ត្រូវបាន​ក្រុម​ភ្ញៀវ Paris SG លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៤-០ ។ ៤ គ្រាប់​របស់ Paris SG គឺ​រកបាន​ដោយ​កីឡាករ Matuidi នៅ​នាទី​ទី ៣ ចំណែក Ibrahimovic រកបាន​២​គ្រាប់​ម្នាក់ឯង​គឺ​នៅ​នាទី ៣៩ ដោយ​បាល់​ប៉េ​ណា​ល់​ទី​និង​១​គ្រាប់​ទៀត​នៅ​នាទី​ទី ៤២ ហើយ​គ្រាប់​ទី ៤ គឺ​ស៊ុត​បញ្ចូល​ទី​ដោយ Cabaye ។​

​ដោយឡែក​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ពុធ​វិញ ម្ចាស់ផ្ទះ Arsenal បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់ Bayern Munich ២-០ ។ Arsenal បានទទួល​កាដូ​បាល់​ប៉េ​ណា​ល់​ទី​មុន​នៅ​នាទី ៩ ប៉ុន្តែ Ozil ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ដ៏​ល្អ​នេះ ។ លេង​បាន ៤០ នាទី Bayern Munich បានទទួល​បាល់​ប៉េ​ណា​ល់​ទីមួយ​វិញ​បន្ទាប់ពី​អ​ជ្ញា​កណ្តាល​ពិន័យ​អ្នកចាំទី Szczesny នឹង​ផ្តល់​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត ។ សំណាង​មិនល្អ​សម្រាប់ Bayern Munich ដោយ Alaba ស៊ុត​មិន​ចូល​ដូចគ្នា ។

ប៉ុន្តែ​គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅ​តង់​ទី ២ ដោយ Bayern Munich រកបាន​២​គ្រាប់​គឺ​ដោយ​កីឡាករ Kroos នៅ​នាទី​ទី ៥៤ និង Muller នៅ​នាទី​ទី ៨៨ ។​ ​ការប្រកួត​មួយគូ​ទៀត​គឺ​ក្រុម​ភ្ញៀវ At Madrid បាន​យកឈ្នះ​ម្ចាស់ផ្ទះ AC Milan ១-០ ដោយ​ការ​តែ​ត​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Diego Costa នៅ​នាទី​ទី ៨៣ ។​ ​

គួរ​បញ្ជាក់ថា ការប្រកួត Uefa Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​ជើង​ទី ១ នៅសល់​ការប្រកួត​ចំនួន ៤ គូ​ទៀត​ដែល​នៅ​ថ្ងៃ​អង្គារ​ទី ២៥ គឺ​ជំនួប​ជួបគ្នា​រវាង​ម្ចាស់ផ្ទះ Olympiakos ជាមួយ Man Utd និង Zenit ទទួលភ្ញៀវ Dortmund ។ ចំណែក​នៅ​ថ្ងៃ​ពុធ​ទី ២៦ Real Madrid ត្រូវ​ទៅលេង​ផ្ទះ Schalke ចំណែក Galatasay ស្វាគមន៍​ភ្ញៀវ Chelsea ៕ ​UCL_Draw_2013-14