ជនញៀនថ្នាំម្នាក់ រំលោភក្មេងស្រីអនីតិជន រហូតបានសម្រេច ត្រូវជាប់អន្ទាក់នគរបាលនៅស្រុកតាលោសែនជ័យ

0

(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ក្រោយរំលោភសេពសន្ទវៈ ទៅលើក្មេងស្រីអនីតិជនម្នាក់ រហូតបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង០៩ និង២២នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចំការគរ  ឃុំតាលោ ស្រុកតាលោសែនជ័យ។សេចក្តីរាយការណ៍ពីភ្នាក់ងារ ប្រចាំខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស.ដ.ល ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ រីឯជនសង្ស័យ មានឈ្មោះ វ៉ុន ស៊ីផៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា។

សេចក្តីរាយការណ៍បន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅបេះផ្លែត្របែក នៅផ្ទះរបស់ជនសង្ស័យ ដែលនៅជិតខាងគ្នា ខណៈដែលស្ថានភាពស្ងប់ស្ងាត់ ជនសង្ស័យបានប្រតិបត្តិការចាប់សម្រាតខោវអាវ ក្មេងស្រីរងគ្រោះរំលោភ រហូតបានសម្រេច។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាន ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យមកសួរនាំ គ្រានោះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តរំលោភសេពសន្ទវៈ ទៅលើក្មេងស្រី មានឈ្មោះខាងលើពិតប្រាកដមែន។ ពេលសួរនាំចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម លើជនសង្ស័យខាងលើ ដើម្បីស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) មានសារធាតុញៀននៅក្នុងទឹកនោម។ចំពោះករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានបង្កសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕