បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសអាសន្នត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ

0

ខេត្តកំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤  បានប្រកាសអាសន្នដើម្បីត្រួតពិនិត្យកម្លាំង មធ្យោបាយនិងគ្រឿងបំពាក់ផ្សេងៗ ដើម្បីត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថាកងទ័ពជាឧបករណ៍ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ ឯកឧត្តម ពៅ ហេង មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ កងទ័ពដាច់ខាតត្រូវគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងគោរពបទបញ្ជាតាមឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់បណ្តាថ្នាក់ឲ្យមានប្រសិទ្ធភាព កងទ័ពត្រូវស្មោះត្រង់ និងការពារដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមជាមួយនោះផងដែរកងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវបម្រើប្រជាជនដោយស្មោះត្រង់ ដោយឥតលក្ខខណ្ឌ នៅគ្រប់ទីកន្លែង និង នៅ គ្រប់ពេលវេលា ដែលប្រជាជនមានទុក្ខលំបាក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវត្រៀមលក្ខណៈរួចជាស្រេចគ្រប់ពេលវេលា និងមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមចល័តអន្តរាគមន៍ រងចាំបទបញ្ជា ឯកឧត្តម អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ   ក្នុងពេលត្រូវការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ពិសេសជំនន់ទឹកភ្លៀងនៅតាមបណ្តាភូមិសាស្ត្រមួយចំនួន ដោយសារពេលនេះភ្លៀងកំពុងធ្លាក់ផ្ទួនៗនៅគ្រប់ទីកន្លែង  ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការកងវរសេនាតូចលេខ១ បានឡើងថ្លែងអំណរគុណ និងប្តេជ្ញាចិត្ត ក្នុងការអនុវត្តន៍ភារកិច្ចត្រៀមចល័តអន្រាគមន៍ តាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។ដោយ ប៊ុន រដ្ឋា