បង្ហោះម៉ូតូតាមផ្លូវ ជួបគ្រោះអាក្រក់បុកជាមួយរថយន្តស្លាប់ទាំង២នាក់

0

ព្រះវិហារ៖ ក្មេងស្ទាវពីរនាក់ បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ បន្ទាប់ពីពួកគេបានជិះបង្ហោះម៉ូតូទៅបុកជាមួយរថយន្តមួយគ្រឿង កាលពីវេលាម៉ោង១៧:៣០នាទី០១ ខែតុលា ឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះខាងលិច ស្ថិតនៅក្នុងភូមិ ស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងស្ទាវពីនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ក្នុងល្បឿនលឿន និងបង្ហោះកង់មុខផង ស្រាប់តែចៃដន្យអាក្រក់ក៏បានជ្រុលទៅបុកជាមួយរថយន្តកូរ៉េ ដែលកំពុងបើកបរក្នុងល្បឿនលឿនបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យម៉ូតូនិងរថយន្តធ្លាក់ចេញពីផ្លូវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3B-៤៨៥៥ (ខូចខាតធ្ងន់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ផ្លាកលេខព្រះវិហារ1D-២០៦៧(ខូចខាតធ្ងន់)។ អ្នកបើកបរ ឈ្មោះ ហុន ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល (ស្លាប់) និង អ្នករួមដំណើរឈ្មោះ ជង់ ភេទប្រុស ជនជាតិខ្មែរ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល(ស្លាប់)៕