អភិបាល​​ខេត្តកំពង់ចាម​ បាន​ប្រគល់​ម៉ូតូ​ និង​ថវិកា​ ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់ស្រុត​លូ​បង្ហូរ​ទឹក​ និង​សួនច្បារ​មាត់​ទន្លេ​ ក្នុង​ក្រុង​កំពង់ចាម​

0

កំពង់ចាម​:​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ​ពី​ក្រុងកំពង់ចាម​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​​ខេត្តកំពង់ចាម​ បាន​ប្រគល់​ម៉ូតូ​ និង​ថវិកា​មួយ​ចំនួន​ ជូន​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់ស្រុត​លូ​បង្ហូរ​ទឹក​ និង​សួនច្បារ​មាត់​ទន្លេ​នេះ​ បន្ទាប់​ពី​ក្រុមការងារ​ជួសជុល​កកាយ​រក​ឃើញ​ ហើយ​បានយក​វា​ចេញ​ពី​ជម្រៅ​ដី​ប្រមាណ​ជា​៤ម៉ែត្រ​​ ដើម្បី​ស្ថាបនា​​ប្រព័ន្ធ​លូ​ថ្មី​ឡើង​វិញ​។ ​

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​​ពន្លឿន​ការ​ងារសាងសង់​នេះ ធ្វេីយ៉ាងណា​ត្រូវ​ឲ្យ​មាន​គុណភាព​រឹងមាំ​ និង​សម្រុក​ឲ្យ​បាន​មុន​ទឹក​ជំនន់​ចូល​មក​ដល់​ ដែល​នាំ​ឲ្យ​បង្ក​ការ​ខូចខាត​ដល់​សួនច្បារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដោយ​ពេល​នេះ​ទឹក​ទន្លេ​មេគង្គ​ចាប់ផ្ដើម​ហក់​ឡើង​ជា​បន្តបន្ទាប់​ រហូត​មានកម្ពស់​១០​.៦២ម៉ែត្រ​ ព្រោះ​ខេត្តកំពង់ចាម​​កម្រិត​ទឹកដែល​ត្រូវ​ប្រកាស​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​គឺ ១៥.២០ម៉ែត្រ​ ។
មន្ត្រី​បច្ចេកទេស​​បាន​ឲ្យដឹងថា​ បច្ចុប្បន្ន​ក្រុម​ការងារ​កំពុងដំណើរការ​សាងសង់​សម្រេច​បាន​ប្រមាណ​ជាង​២០%ហើយ​ ដោយ​ត្រូវ​ធ្វើការ​ចាក់បេតុង ឱបចង្កេះប្រព័ន្ធថ្មី និងចាក់បេតុង គ្របពីលើមួយជាន់ទៀត មានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ក្នុងទន្លេ ហេីយ​ត្រូវ​ប្រេីប្រាស់​ប្រព័ន្ធលូមុខ៣​ ដែលមុខកាត់លូនីមួយៗ មានទំហំ០,៨ ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន២បន្ថែមទៀត ដើម្បីការពារការកកស្ទះផងដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា​ កាលពី​វេលាម៉ោង១២​:៣០នាទី រំលងអាធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ ​ខែកញ្ញា​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​មាន​ករណី​បាក់លូូ​បង្ហូរទឹកចូលទន្លេ​ ទំហំ​ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ​ក្នុង​ភូមិទី៣​ សង្កាត់វាលវង់​ ក្រុង​កំពង់ចាម​ បណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ​ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់​អាយុជីវិត​មនុស្សឡើយ។ បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ​ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ឡេីងតាំងពី​ជំនាន់​អាណានិគម​បារាំង​ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់​យ៉ាង​ខ្លាំងផងដែរ​ ៕