ប្រជាពលរដ្ឋទីទ័លក្រនិងចាស់ជរាគ្មានទីពឹងចំនួន១០គ្រួសារបានទទូលអំណោយពីឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនិងលោកជំទាវ

0

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋទីទ័លក្រនិងចាស់ជរាគ្មានទីពឹងចំនួន១០គ្រួសារ រស់នៅភូមិពោធិ៍ត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទូលអំណោយពីឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនិងលោកជំទាវពេជ្រ ច័ន្ទមុន្នី តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ពិធីប្រគល់អំណោយ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរដែនដី និងក្រុមការងារយ៉ែនឌ័រ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥ គ.ក្រ ,មីម៉ាម៉ាចំនួន០១ កេស,ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកពីស្ថានភាព ផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩ បណ្តាលឲ្យប្រទេសនៅលើពិភពលោក មានការឆ្លងជម្ងឺនេះជិត៤០ លាននាក់ និងមានមនុស្សស្លាប់ជិតមួយលាននាក់ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដោយឡែកនៅប្រទេសកម្ពុជាក៏ទទួលរងគ្រោះដោយសារទឹកជំនន់ បណ្តាលឲ្យខេត្តមួយចំនួន នៅក្នុងប្រទេសរងគ្រោះលិចលង់លំនៅដ្ឋាន ដោយសារតែទឹកជំនន់ទឹកភ្លៀង ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំក្តីព្រួយបារម្ភណ៍របស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ពីជីវភាពរស់នៅនិងការប្រកបមុខរបរទទួលទាន គណៈពេលដែលមានទឹកជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចលង់និងខូចខាតទ្រព្យសម្បត្តិ សម្តេចតេជោហ៊ុនសែន បានសម្តែងនូវការព្រួយបារម្ភណ៍ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងតាមធ្វើដំណើរដើម្បីពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដើម្បីជួយរំដោះភាពខ្វះខាត និងដោះស្រាយផ្តល់អំណោយស្បៀងដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោសារទឹកជំនន់ ។
ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយដោះស្រាយរាល់ការលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបនិងខ្វះខាត ដោយមិនរើសរអើងពូជសាសន៍ ពណ៌សម្បុរ គឺជួយដល់បងប្អូនដែលខ្វះខាតពិតៗផងដែរ។
ដោយ ប៊ុន រដ្ឋា