សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ផ្តល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០នេះសាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផង ដើម្បីរៀបចំចាត់ចែងជូនគ្រូសារពលរដ្ឋដែលបានទទួលរងគ្រោះនៃជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។

អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានអោយដឹងថា នៅកំឡុងថ្ងៃ១៧ ដល់២០ ខែតុលា ឆ្នាំ២០២០ ស្រុកព្រៃនប់បានទទួលរងគ្រោះជំនន់ទឹកភ្លៀង ដោយឥទ្ធិពលព្យុះ និងបានបណ្តាលអោយឃុំចំនួន ៤ មានឃុំ ឃុំទួលទទឹង ឃុំអណ្តូងថ្ម និងឃុំសំរុង ព្រៃនប់ត្រូវបានជន់លិច។
ជំនន់នេះបានបណ្តាលអោយ ប៉ះពាល់ប្រជាជន ចំនួន ១,២៣៧គ្រួសារ ក្នុងនោះ ឃុំព្រៃនប់ ៤០២គ្រួសារ ឃុំទួលទទឹង ៣៤៣គ្រួសារ ឃុំអណ្តូងថ្ម ៣៥២គ្រួសារ និងឃុំសំរុង ១៤០គ្រួសារ ។

ថ្លែងក្នុងឱកាសនៃពិធីចែកអំណោយមនុស្សធម៌នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរំលឹកមន្ត្រីនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលប្រជាជនងាយរងគ្រោះនិងទីទ័លក្រនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីលៃលកជួយពួកគាត់បានទាន់ពេលវេលា។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពអោយបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការប្រុងប្រយត្ន័និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការពារកុំអោយឆ្លង ជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជាអាចទទួលរងឥទ្ធិពលព្យុះថ្មីមួយទៀតដែលបក់កាត់ភាគកណ្តាលនៃប្រទេសវៀតណាម។ស្ថានភាពបែបនេះ ខេត្តព្រះសីហនុ ក៏ទំនងជាអាចរងផលរំខានខ្លះៗដែរ។ដូច្នេះសូមប្រជាជនយើងមានការប្រុងប្រតយត្ន័ខ្ពស់ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រត្រូវពិនិត្យតាមដានអំពីស្ថានភាពអាកាសធាតុអោយបានដិតដល់មុនធ្វើដំណើរដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។