សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៥ របស់ខ្លួនជូនគ្រួសារពិការ នៅស្រុកស្រីស្នំ

0

សៀមរាប: ផ្ទះមនុស្សធម៌នេះត្រូវបានប្រគល់ជូនគ្រួសារប្អូនប្រុស សេ ចន អាយុ៣១ឆ្នាំ ជាជនពិការ (ស្លាប់មួយកំណាត់ខ្លួន) និងប្រពន្ធឈ្មោះ ឡិញ ផា អាយុ២៧ឆ្នាំ នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។ គ្រួសារនេះមានសមាជិកគ្រួសារ ៥នាក់ ក្នុងនោះមានកូនតូចៗ ចំនួន៣នាក់ កំពុងសិក្សានៅថ្នាក់បឋមសិក្សា។ ដោយហេតុប្ដីក៏ពិការ ដេកនៅនឹងកន្ទេល កូនក៏នៅតូចៗ ប្អូនស្រី ឡិញ ផា មិនអាចទៅធ្វើការនៅឯណាបានទេ សព្វថ្ងៃបានគុណបុណ្យអ្នកជិតខាង និងអាជ្ញាមូលដ្ឋានជួយខ្លះក្នុងជីវភាពហូបចុកប្រចាំថ្ងៃ។

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរសប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូចអ្វីដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” លោកជំទាវ បានថ្លែងបែបនេះ ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌លើកទី៧៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

លោកជំទាវ បានបង្ហាញពីការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗ ផ្ទះ ហើយរដូវនេះជារដូវវស្សារ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ទឹកជំនន់ ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗកុំឱ្យលេងទឹកខ្លាចក្រែងលង់ ឬកើតនូវឧបទ្ទហេតុណាមួយមិនល្អចំពោះពួកគាត់។ ចំពោះប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងពិភពលោកជាសកលនាពេលនេះ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល គឺយើងត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ជាពិសេស យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ មិនថាតែកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ បើឃើញថា មិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។

ខណៈនោះ លោកទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ តាំង ហ្គិចលៀង ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺបញ្ជាក់ពី ទឹកចិត្តដ៏ប្បុរសធម៌បំផុតចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងខេត្តសៀមរាប។ ក្នុងកាយវិកាមនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារម្ចាស់ផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ចាន១៥ ស្លាបព្រា១៥ ឆ្នាំ២ អង្ករ៦០គីឡូក្រាម មី២១កេស -ត្រីខ១យួរ ទឹកក្រូច១កេស ទឹកបរិសុទ្ធ២កេស សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ សម្រាប់គ្រួសារនេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត។ លោកជំទាវ តាំង ហ្គិចលៀង ថវិកា២លានរៀល និងប្រតិភូអមដំណើរបានឧបត្ថម្ភបន្ថែមនូវថវិកាផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាយឺត២ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា៤ម៉ឺនរៀល។ ជាមួយគ្នានេះដែរប្រតិភូអមដំណើរក៏បានជូននូវថវិកាផ្ទាល់ខ្លួនមួយចំនួនថែមសម្រាប់លោកយាយលោកតាផងដែរ៕