ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេនចុះសួរសុខទុក្ខ នាំយកអាវរងាអំណោយសម្តេចហ៊ុន សែនចែកជូនដល់នាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ

0

ខេត្តព្រះស៊ីហនុ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយ ឯកឧត្តម ម៉ាង សុីណេត អភិបាលរងនៃគណអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអស់លោកជាថ្នាក់ដឹកនាំ អគ្គបញ្ជាការជាច្រើនរូបទៀតនាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០   បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ កម្លាំងទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងអង្គភាពកងកម្លាំងពិសេសប្រឆាំងភេរវកម្ម សម្រាប់ប្រើប្រាស់ក្នុងរដូវរងារខាងមុខនេះ ។

👉វត្តមានឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការសបញ្ជាក់បានថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខលំបាក និងទំនុកបម្រុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ព ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងារ ។

👉ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយនាវី និងពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មតាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ និង បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា ។

👉ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់រាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាពទោះបីស្ថិតក្នុងតម្លៃណាដ៏ដោយ និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និង វិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិទាំងមូល ។

👉ជសមុខឲ្យថ្នាក់ដឹកនាំ នាយនាវី នាយនាវីរង និងពលនាវិក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកងទ័ព និងបានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ ៕

(អត្ថបទដោយ. ឡោះ ប៊ុនធីម)