កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យ ករណីលួចលាក់រក្សាទុកគ្រឿងញៀនខុសច្បាប់

0

ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១២.៣០នាទីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ ត្រង់ចំណុច «UTM.៤៧២,១0៥.១៥៧,៤0៥2» ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមរបាយការណ៍ហេតុរបស់កម្លាំងកងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ទទួលបាននាព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា ឆ្នាំ២០២០។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម
ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុហត្តខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើប្រាស់នូវរថយន្តពីគ្រឿង កម្លាំងសរុបចំនួន៧នាក់។

បានឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដែលមានឈ្មោះ យ៉ែម និមិត្ត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែម​ខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ដែរថា៖ នៅក្នុងហេតុការណ៍ឃាត់ខ្លួនបុរសជាជនសង្ស័យនេះ កម្លាំងក៏បានរកឃើញវត្ថុតាងមួយរួមមាន៖ ០១/ថ្នាំញៀនប្រភេទម៉ាទឹកកក ពណ៏សថ្លាចំនួន០២កញ្ចប់ មានទម្ងន់២,​៨៥ក្រាម, ០២/ម៉ូតូ ០១គ្រឿង.​ម៉ាកC១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ ១D.៨៦.៩៩ និងសម្ភារៈសំរាប់វិចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួនផងដែរ។

លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងរៀបចំចងក្រងសំណុំឯកសារ ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមនិត្តិវិធីច្បាប់៕សួនលីណា