ម៉ូតូ ២​គ្រឿង បុក​គ្នា នៅ​ផ្លូវបែក​ជា​៣​របួសធ្ងន់​ស្រាល ៤​នាក់

0

​ភ្នំពេញ ៖ យុវជន ៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ម៉ូតូ​គុប ពណ៌​ខៀវ ១​គ្រឿង ពាក់​ស្លាក​លេខ កណ្តាល 1B-1750 ជិះ​ដោយ​យុវជន ២​នាក់ ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កែង​ផ្លូវ​១៨២ ជា​ចំណុច​ផ្លូវបែក​ជា​៣ ក៏មាន​ម៉ូតូ​កូន​ទា ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-5260 ជិះ​ដោយ​យុវជន ២​នាក់ ដូចគ្នា ក្នុងទិសដៅ​ពី​កើត​បត់​ទៅ​ត្បូង បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ទាំង ៤​នាក់ សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ២០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ កុម្ភៈ ២០១៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​មិត្តភក្តិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ចំណែក​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​៕ ​01 02 (1)