ឯកឧត្តមលីស៊ុនចុះសួរសុខទុក្ខយោធិនចំនួន៣រូបដែលរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរបំពេញភារៈកិច្ច

0

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅរសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០២០បានដឹកនាំកងកម្លាំងក្រោមឱវាទចូលជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាផ្ទាល់របស់ឯកឧត្តម ព្រមជាមួយនឹងថវិកាយុទ្ធមិត្តរួមអាវុធ ឧបត្ថម្ភដល់យោធិនចំនួន៣រូប ដែលបានរងរបួសជាទំងន់ បាក់ដៃ បាក់ជើង និងបែកក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តធ្លាក់ចុះពីលើភ្នំ អំឡុងពេលបំពេញភារកិច្ចជួរមុខ ដឹកជញ្ជូនដែរឡើងទៅលើភ្នំ ដើម្បីធ្វើជណ្តើរថ្មីមួយខ្សែទៀត ឡើងកំពូលភ្នំទ្រព្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ទីរួមខេត្តព្រះវិហារ។
ទី១/លោកអនុសេនីយ៍ទោ សួន ពេជ្រ ជំនួយការណ៍ប្រតិបត្តិការសឹកវរសេនាតូច៣៨២ រងរបួសបាក់ដៃស្ដាំ និងបែកក្បាល់, ទី២/លោកអនុសេនីយ៍ទោ សែម ផន មេបញ្ជការរង(គ៣) វរសេនាតូច៣៨៤ រងរបួសបាក់ភ្លៅស្ដាំ, និងទី៣/លោកនាយចំណង់ សាយ ឌឿន ការិយាល័យបច្ចេកទេស កងពលលេខ៨ បាក់ជើងទាំងពីរ។
នៅក្នុងពេលសំណេះសំណាល និងសាកសួរអំពីសុខភាពនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក៏បានឧបត្ថម្តថវិកាចំនួន៧០ម៉ឺនរៀល ជូនដល់យោធិនម្នាក់ៗ និងបានណែនាំបន្ថែមឲ្យខិតខំថែរក្សាសុខភាពពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការទប់ស្កាត់ការឆ្លងរីកសាយភាយនូវជំងឺកូវីដ-១៩ ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែលឲ្យបានញឹកញាប់។
បន្ទាប់ពីសំណេះសំណាលជាមួយយោធិនចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន រួមនឹងកងកម្លាំងក្រោមឱវាទបានអញ្ជើញជួបពិភាក្សាជាមួយក្រុមគ្រូពេទ្យ ស្តីអំពីសុខភាព រួមនឹងអាការជំងឺរបស់យោធិន និងបានស្តាប់នូវការលើកឡើងរបស់ក្រុមគ្រូពេទ្យ ពីការខ្វះខាតឈាម នៅពេលដំណើការវះកាត់ ឯកឧត្តមមេបញ្ជាការ រួមនឹងកងកម្លាំងក្រោមឱវាទបានស្ម័គ្រចិត្ត ធ្វើការបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ភ្លាមៗ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជួនកងកម្លាំងក្រោមឱវាទដែលស្ម័គ្រចិត្ត ចំនួន៦០នាក់បន្ថែមទៀត ដើម្បីធ្វើការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ដើម្បីតំកល់ទុក សម្រាប់ជួយសង្គ្រោះជូនដល់យោធិនយើងទាំង៣រូបជាបន្ទាន់ផងដែរ៕សួនលីណា