យ៉ាងហោចណាស់មានមនុស្សពីរអ្នកបានស្លាប់ភ្លាមនៅនិងកន្លែង ក្រោយពេលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូ!

0

ព្រះវិហារ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរមួយករណី បានកើតឡើងរវាងរថយន្តហីយ៉ាន់ដាយ ពីតោនកន្លះ១គ្រឿងវ៉ាជែងរថយន្ត ១គ្រឿងទៀត ក្នុងល្បឿនលឿន ទៅបុកជាមួយនិងម៉ូតូ បណ្តាលឲ្យមនុស្សពីរអ្នកស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរម្យណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

លោកអនុសេនីយ៍ទោ ហម ផេន នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរម្យណីយ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានគេឃើញរថយន្តហីយ៉ានដាយ ពីតោនកន្លះមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A.02.76 ដឹកទំនិញប្រភេទទ្រុង និងស្បៃ លក់តាមដងផ្លូវ បើកបរនៅក្នុងល្បឿនលឿន វ៉ាជែងរថយន្ត ១គ្រឿងទៀតមិនប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក់ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K.79.60 នៅក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ ទាំងពីរនាក់ប្តីប្រពន្ធ។

ទី១ឈ្មោះ ឃុត ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ (អ្នកបើកម៉ូតូស្លាប់) និងទី២ឈ្មោះ ចង្រិត ភេទស្រី អាយុ២៤ឆ្នាំ (អ្នករួមដំណើរស្លាប់) ទាំងពីរនាក់រស់នៅភូមិផ្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ទោ ហម ផេន បញ្ជាក់ថា ចំពោះតាកុងរថយន្ត និងអ្នករួមដំណើរជាមួយ ដាក់មេប្រូកបាត់ស្រមោលក្រោយពេលបង្កហេតុរួច។ រីឯវត្ថុតាងបង្កហេតុទាំង ពីរខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរម្យណីយ៍ស្ទូចដឹកនាំយកទៅរក្សាទុក្ខរងចាំម្ខាស់ចូលខ្លួនដោះស្រាយតាមនិតិ្តវិធីច្បាប់៕សួនលីណា