មន្ត្រីជំនាញបានរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកចំនួន១៤kgនិងនំចម្រុះ៣២kg ហួសបរិច្ឆេតប្រើប្រាស់នៅផ្សារវាលយន្ត ខេត្តស្វាយរៀង

0

ស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។សកម្មភាពនេះដឹកនាំដោយលោក ផឹង និល ប្រធានសាខា កបបខេត្តមន្ត្រីកបប និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត។លោក ផឹង និល បានឲ្យដឹងថា នៅព្រឹកនេះក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន១៧គំរូ និងបន្លែ នំ បង្អែមចំនួន២៧គំរូទៀតយកមកធ្វើតេស្តពិសោធន៍នៅមន្ទីរពិសោធន៍ខ្នាតតូចដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាពពុះសណ្តែក ចំនួន ១៤ Kg មាន ( គីមីBorax )និងនំចម្រុះចំនួន៣២kgហួសកាលបរិច្ឆេទប្រើប្រាស់ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕