មន្ត្រីយោធាម្នាក់ត្រូវរថយន្តកុងតឺន័របេីកគៀនិងកិនស្លាប់ក្បែរស្ថានីយ៍បូមទឹកបឹងត្របែក !

0

ភ្នំពេញ៖ បុរសម្នាក់ ដែលជាមន្ត្រីយោធាបានជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀឲ្យដួល និងកិនបណ្ដាលឲ្យបែកក្បាល ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបបជាមន្ត្រីយោធា មមានឋានន្តរស័ក្តិ អនុសេនីយ៍ឯក មានស្រុកកំណេីតនៅឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងស្នាក់នៅផ្ទះលេខ០៦៣ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនិងឃេីញហេតុខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេីបណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រ ឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវត្រូវកង់ក្រោយរថយន្តបង្កកិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម្ម ចំណែករថយន្តបង្កបានបន្តល្បឿនបេីកទៅមុខគេចបាត់ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ដដេីម្បីធ្វេីការវាស់យកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕