បុរសម្នាក់បើករថយន្តបញ្ច្រាសផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសជាប្តីបានស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ធរងបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណះកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នា ស្រាប់តែត្រូវរថយន្ត lexus 450 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វេីដំណេីរបញ្ច្រាសទិសមកបុកពីមុខពេញទំហឹង កាលពីវេលាម៉ោង០៨និង ៥០នាទីយប់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខកងពលតូចលេខ៧០ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះជាប្តី មានឈ្មោះសុន ណង់ អាយុ៣៦ឆ្នាំ មានស្រុកកំណើត ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ចំណែកប្រពន្ធរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ។ រីឯម្ចាស់រថយន្តបង្កមានឈ្មោះ ភិន សុផុន ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅសង្កាត់បឹងកែងកង ខណ្ឌបឹងកែងកង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញប្តីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1R-7396ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់បើករថយន្ត lexus 450ស៊េរីចាស់មួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2I-7318 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នានិងបញ្ច្រាស់ទិសចរាចរណ៍ ពីត្បូងទៅជើង ក្នុងល្បឿនលឿនហេីយជ្រុលទៅបុកម៉ូតូពីមុខពេញទំហឹងបណ្ដាលឲ្យបុរសជាប្ដីស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ដោយឡែកម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ២ ដើម្បីធ្វើការសួរនាំបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕