ថវិកាជិត៣០០លានរៀលរបស់រាជរដ្ឋាភិបាលត្រូវបានបើកផ្ដល់ជូនគ្រួសារ អតីតយុទ្ធជនចំនួន ៣២គ្រួសារ

0

 ខេត្តកំពង់ធំ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជន បាននាំយកថវិកាជិត៣០០លានរៀលរបស់រាជរដ្ឋាភិបាល ដែលជាថវិកាធានារ៉ាប់រងសង្គមជួយឧបត្ថម្ភ​នជូនគ្រួសារអតីតយុទ្ធជនចំនួន ៣២គ្រួសារ ជាគោលនយោបាយដល់គ្រួសារអតីតយុទ្ធជន ដែលបានទទួលមរណភាពកន្លងមក ដើម្បីបងប្អូនបានជាដើមទុនក្នុងការប្រកបមុខរបរ និងដោះស្រាយការលំបាករបស់ក្រុមគ្រួសារតីតយុទ្ធជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញអធិបតីភាព ក្នុងពិធីបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារអតីតយុទ្ធជនសរុបចំនួន២៨៦,៣៤០,០០០រៀលនិងមានការចូលរួមលោក ផាន់ គីម នាយករងបេឡាជាតិ លោកជា គឿន  ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ពិធីនេះបានធ្វើឡើង នៅផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០។

លោក ផាន់  គីម  និងលោកស្រី កែវ ចាន់ធូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្តកំពង់ធំ បានបញ្ជាក់ពី គោលនយោបាយធានារ៉ាប់រងសង្គមរបស់រាជរដ្ឋាភិបាល និងការទទួលប្រាក់ខុសៗគ្នា តាមឋានន្តរសក្កិនិងអតីតភាពការងាររបស់អតីតយុទ្ធជនដែលបានទទួលមរណៈភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចូលរួមការសោកស្ដាយ ចំពោះការបាត់បង់ស្វាមី បងប្អូនកូនចៅ របស់ក្រុមគ្រួសារអតីតយុទ្ធជន  ដែលបានទទួលមរណភាពកន្លងមក និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំឲ្យមានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បម្រើអតីតយុទ្ធជនង លើគ្រប់វិស័យដែលបងប្អូនបានជួបលំបាកផ្សេងៗ ដូចជាការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពដល់លំនៅដ្ឋាន និងទាន់ពេលវេលាក្នុងការធ្វើបុណ្យសព បើកប្រាក់ធានារ៉ាប់រងសង្គម ក្រោយពីស្វាមីទទួលមរណៈភាព ដើម្បីក្រុមគ្រួសារមានមុខរបរចិញ្ចឹមជីវិត សាងសង់ផ្ទះជូនដល់អតីតយុទ្ធជនយើង ដែលគ្មានជម្រកស្នាក់នៅ មិនសមរម្យ បានចំនួន ១៨០ខ្នងផ្ទះរួចហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តថា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយស្បៀងអាហារ ថវិកា របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងជំនួយសប្បុរសជននានា ទៅជួយឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត់ បានរាប់រយគ្រួសារក្នុងមួយឆ្នាំៗ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរឲ្យបងប្អូនខិតខំថែរក្សាសុខភាព ជៀសផុតពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រុមគ្រួសារអតីតយុទ្ធជនទាំង៣២គ្រួសារ ថ្លែងអំណរគុណដ៏ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន នៅគ្រប់ពេលវេលា ហើយសូមប្ដេជ្ញាចិត្តគាំទ្រសម្ដេចដើម្បីដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាជារៀងរហូត ។

ដោយ ប៊ុន រដ្ឋា