បុរសម្នាក់បានរងរបួសត្រង់ក ធ្ងន់ធ្ងរខណៈដែលជិះម៉ូតូទាក់ខ្សែភ្លើងកាត់ផ្លូវសាធារណៈ ដោយសារតែបង្គោលភ្លើងពុករលំធ្លាក់ខ្សែកាត់ផ្លូវ

0

 

(កំពង់ឆ្នាំង)៖ដោយសារតែបង្គោលភ្លើងពុកផុយបានរលំដួលធ្លាក់ដី ត្រូវខ្សែភ្លើងធ្លាក់រាយប៉ាយកាត់ផ្លូវ ធ្វើឲ្យបុរសម្នាក់បានជិះម៉ូតូទាក់ខ្សែភ្លើងខាងលើនេះត្រង់ក បណ្ដាល ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយប៊ិសនឹងបែកបំពង់កស្លាប់។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក មាន សុផៃ អាយុ៤៦ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៏ខាងលើនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ បាននិយាយឲ្យដឹងថា នៅពេលវេលាខាងលើ លោកបានជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ដោយលោកជាអ្នកជិះខាងក្រោយ។ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវក្នុងភូមិ ក៏ស្រាប់តែត្រូវខ្សែភ្លើងទាក់កលោកដែលជិះនៅខាងក្រោយ បណ្ដាលឱ្យផ្ងាកក្រោយធ្លាក់ពីលើម៉ូតូរងរបួសត្រង់ក ធ្ងន់ធ្ងរ តែសំណាងល្អខ្សែភ្លើងនោះបានទាក់ក ពីចំហៀង ប្រសិនបើទាក់ចំបំពង់ខ្យល់វិញ ប្រហែលជាគាត់នឹងមិនមានជីវិតនោះឡើយ។ ក្រោយពេលកើតហេតុ មិត្តភក្កិដែលជាអ្នកឌុបម៉ូតូលោកក៏បានដឹកទៅព្យាបាលនៅ ផ្ទះគ្រូពេទ្យឯកជនក្នុងភូមិភ្លាមៗដែរ មកដល់ពេលនេះមុខរបួសរបស់លោកនៅឈឺយ៉ាងខ្លាំង ដោយងាកកមិនរួច។

លោក មាន សុផៃ បានបញ្ជាក់ថា ករណីខាងលើនេះបណ្ដាលមកពីអ្នកប្រើប្រាស់ភ្លើងក្នុងភូមិដាំបង្គោលឬស្សីតូចៗហើយបង្គោលខ្លះពុកផុយទៀតផង ដែលចងខ្សែភ្លើងទៅនៅពេលដែលគល់ឬស្សីនោះពុកដាច់ ត្រូវដួលរលំខ្សែភ្លើងក៏បានធ្លាក់ទាបមកក្រោម ទើបបណ្ដាលឱ្យលោកជិះម៉ូតូទៅទាក់ក រងរបួសធ្ងន់បែបនេះ ។

លោក មាន សុផៃ ក៏ដូចជាប្រជាពលរដ្ឋ និងអាជ្ញាធរនៅ ក្នុងមូលដ្ឋាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើ ប្រាស់ភ្លើងនៅគ្រប់មូលដ្ឋាន ពេលតខ្សែភ្លើងចូលផ្ទះសូមមេត្តាប្រើបង្គោលឲ្យបានរឹងមាំ ដើម្បីធានាសុវត្ថិភាពទាំង អស់គ្នា កុំឲ្យមានគ្រោះថ្នាក់ដូចខាងលើនេះ ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីខាងលើនេះ ប្រ សិនបើជនរងគ្រោះប្ដឹងផ្តល់នោះ អ្នកដាំបង្គោលភ្លើងពិត ជាត្រូវទទួលខុសត្រូវចំពោះសុខច្បាប់ជាក់ជាមិនខានឡើយ។ដោយឡែកលោក មាន សុផៃ ជាជនរងគ្រោះខាងលើនេះលោកប្រាប់ថា លោកមិនចង់វែងឆ្ងាយនោះទេគឺគ្រាន់តែសំណូមពរដល់ប្រជាពលរដ្ឋទូទៅនៅក្នុងភូមិនៅពេលតភ្លើងចូលផ្ទះ កាត់ផ្លូវសាធារណៈ ត្រូវធ្វើយ៉ាង ណា មានការប្រុងប្រយ័ត្នដោយប្រើបង្គោលរឹងមាំ ដើម្បីធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរទាំងអស់គ្នា៕