អនុរដ្ឋលេខាធិការ២នាក់ ត្រូវចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចូលបំភ្លឺ ក្រោយព្រះរាជអាជ្ញា ចោទប្រកាន់ជាផ្លូវការពីបទ «ឆបោក»

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ បានចេញដីកាបង្គាប់ឲ្យចូលខ្លួន២ដាច់ដោយឡែកពីគ្នា កោះហៅ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលបំភ្លឺជាបន្តបន្ទាប់ ។

យោងតាមប្រភពព័ត៌មានដែលក្រុមការងារទូរទស្សន៍អប្សរា ទទួលបាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ គឺ លោក មាស សាវឿន អាយុ៦០ឆ្នាំ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវចូលបំភ្លឺនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២រសៀល ។ ចំណែក លោក ឆែម ពេត អាយុ៤៨ឆ្នាំ ជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវចូលបំភ្លឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ។

ដីកាបង្គាប់អោយចូលខ្លួន របស់ចៅក្រមស៊ើបសួរ នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អនុរដ្ឋលេខាធិការទាំង២នាក់ នេះ ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីទំហំ២ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ គឺ ជនត្រូវចោទទាំង២នាក់ លោក មាស សាវឿន និង លោក ឆែម ពេត ត្រូវដាក់អោយស្ថិតក្រោមការចោទប្រកាន់ ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ជុំវិញបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងថា ជានីតិវិធី ព្រះរាជអាជ្ញា ត្រូវជូនដំណឹងស្តីពីការការចោទប្រកាន់ មកកាន់ក្រសួងយុត្តិធម៌ ដែលជាស្ថាប័នសាម៉ី ហើយ លោក មាស សាវឿន ត្រូវចូលរួមនីតិវិធី ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ដូចគេដូចឯងជាធម្មតា ។

បើតាមលោក ជិន ម៉ាលីន គឺ ពេលនេះ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កំពុងបំពេញមុខងារនិងតួនាទី ជាធម្មតា ដោយសារលោកត្រឹមជាជនសង្ស័យ ដោយពុំទាន់មានសាលក្រមផ្តន្ទាទោស នៅឡើយទេ ។

លោក មាស សាវឿន ដែលជាអតីតអភិបាលរងខេត្តព្រះវិហារ ផងនោះ ក៏ធ្លាប់បានរងការចោទប្រកាន់ ថា បានរំលោភយកដីស្របច្បាប់របស់លោកស្រី លឹម វណ្ណា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ផងដែរ ៕