នគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតបានថ្នាំញៀន៦កញ្ចប់ កាលពីវេលាម៉ោង៩ និង៤៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយ ក្នុងក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច ធារិទ្ធ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ ក្នុងនោះមាន៤កញ្ចប់តូច ធំល្មម១កញ្ចប់ និងធំ១កញ្ចប់។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕