នារី​ម្នាក់​ចូល​ក្នុង​ផ្ទះ​គេ​បម្រុង​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​ប្រគល់ឲ្យ​សមត្ថកិច្ច

​ភ្នំពេញ ៖ នារី​សង្ស័យ​ម្នាក់​បាន​ពួន​សំងំ​ក្នុង​ផ្ទះ​គេ​បម្រុង​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ដល់​អ្នកជិតខាង​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត​ក្នុង​ផ្ទះ​លេខ​៤ E1 ផ្លូវ​លេខ​១៣៩(​ឌឿងហែម​) ក្នុង​

សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
​នារី​សង្ស័យ​ដែល​ចូល​សំងំ​ក្នុង​ផ្ទះ​គេ​បំណង​លួច​ទ្រព្យសម្បត្តិ​ឈ្មោះ សុខ កែវ អាយុ​២០​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ បាន​ចូល​មក​សំងំ​ក្នុង​ផ្ទះ​បម្រុង​លួច​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ឈ្មោះ យ៉ិង គឹម​ស្រួន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​ជា​អាជីវករ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។​
​តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​រូប​គាត់​និង​កូន​បាន​ត្រឡប់​មកពី​ផ្សារ​វិញ ហើយ​កូន​របស់​គាត់​បាន​ឡើង​ទៅលើ​ផ្ទះ​បើក​ទ្វារ​ស្រាប់តែ​ឃើញ​នារី​សង្ស័យ​កំពុង​ពួន​សំងំ​ក្នុង​បន្ទប់​។ ពេលនោះ​កូន​របស់​គាត់​បាន​ស្រែក​ឆោឡោ​ឡើង​ថា​មាន​ចោរ​ចូល​ផ្ទះ ទើប​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​និង​បាន​រាយការណ៍​ប្រាប់ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ចុះ​ឃាត់​ខ្លួន​នារី​សង្ស័យ​នេះ​តែម្តង ។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ផ្ទះ​កើតហេតុ​ឃាត់ខ្លួន​នារី​សង្ស័យ​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាល​វង់​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​សាកសួរ​បន្ថែម ៕

1