យើងគ្រប់រូបត្រូវសម្របខ្លួនខិតខំរៀនរស់នៅធម្មតា តាមបែបគន្លងថ្មី

0

សៀមរាប៖ ផ្ទះមនុស្សធម៌ទី ៧៦ ដែលជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា ផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានធ្វើពិធីប្រគល់ជូនដល់គ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំមាន ប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមទាំងអស់លោក លោកស្រីគណៈកិត្តិយស គណៈកម្មាធិការអនុសាខា និង អាជ្ញាធរស្រុក ឃុំ ចូលរួមផងដែរ។ ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០,៤មែត្រ។
មានចំណាប់អារម្មណ៍នោះដែរ លោកជំទាវ ម៉ម វាសនា ជាម្ចាស់អំណោយ បានបញ្ជាក់ថា ក្រោមការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមប្រធានគណៈកម្មាធិការ ការសាខាបាទក្រហមកម្ពុជាខេត្ត ក្នុងការកៀគរមូលនិធិ សប្បុរសជន ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌របស់ចលនាកាកបាទក្រហម និង ដោយមើលឃើញភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន សំខាន់ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ កុមារកំព្រា ដែលគ្មានទីជម្រករស់នៅបានសមរម្យនឹងគេនៅក្នុងសង្គមជាតិ លោកជំទាវក៏បានឧបត្ថម្ភនូវផ្ទះមួយខ្នងនេះ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ទាង អេង ទៀសីហា ក៏ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើមី្បទ្រទ្រង់ជីវភាពគ្រួសារ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់នេះ និង ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត និង ផ្តាំផ្ញើដល់លោកតាលោកយាយ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ។

លោកជំទាវក៏បានណែនាំដល់បងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ អំពីករណីជំងឺកូវិដ-១៩ គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃជាមួយទឹកសាប៊ូ អាល់កុល ឬ ជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយយើងគ្រប់រូបក៏ត្រូវតែធ្វើការសម្របខ្លួន ខិខំរៀនរស់នៅធម្មតា តាមគន្លងបែបថ្មី នៅតាមសហគមន៍ និងគ្រួសារទាំងអស់ផងដែរ ។ ម្យ៉ាងវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹង ក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើការអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូស និង ធ្វើការដាំដុះដំណាំរួមផំ្ស ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល ហើយ សម្រាប់គ្រួសារនេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងថវិកា៤សែនរៀលបន្ថែម ។ ជាមួយគ្នានេះដែរ សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន២០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។
សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី៤ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាមផ្ទះមនុស្សធម៌ទី ៧៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក ៕