ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដឹកនាំក្រុមការងារចុះលើកខ្នងផ្ទះទី៧១ ជូនដល់ អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ មានដីអត់ផ្ទះ

0

ព្រះវិហារ៖ ខ្នងផ្ទះទី៧១ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសាងសង់ ជូនដល់គ្រួសារ អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ មានដីអត់ផ្ទះ តាមរយៈឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធាន ស.អ.ក.ខេត្តព្រះវិហារ រួមជាមួយ ក្រុមការងារ ស.អ.ក.ស្រុក/ឃុំ ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋាន។

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក.ខេត្តព្រះវិហារ ថ្លែងថា ដោយឃើញពីជីវភាពខ្វះខាត និងជាការតបស្នងនូវគុណបំណាច់របស់ បងប្អូនអតីតយុទ្ធជន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ស.អ.ក.ខេត្ត ថ្នាក់ដឹកនាំតំបន់សឹក រួមជាមួយ ក្រុមការងារ ស.អ.ក.ស្រុក/ឃុំ ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណ ៨១នាក់ ចុះលើកផ្ទះជូនគ្រួសារ អតីតយុទ្ធជន ឈ្មោះ ប៉ាត យឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានទំហំ ៥x៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី។

ជាមួយគ្នានោះឯកឧត្ដម ប្រធាន បានពាំនាំនូវមតិផ្តាំផ្តើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ ស.អ.ក ឯកឧត្ដម ប្រធានកិត្តិយស ស.អ.ក.ខេត្តព្រះវិហារ។ ឯកឧត្តម ប្រធាន ក៏បានឲ្យដឹងបន្ថែមថា ខ្នងផ្ទះនេះ ក៏ជាខ្នងផ្ទះលើកទី៧១ដែរ ដែលបានសាងសង់ជូនដល់គ្រួសារអតីតយុទ្ធជន ដោយចំណាយថវិកាអស់ចំនួន ១០,៥០០,០០០៛ គឺជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចតេជោ ហ៊ុន សែន៕សួនលីណា