អាជ្ញាធរជាតិអប្សរា ​​ជូន​ប័ណ្ណសរសើរលើកដំបូង ដល់​ប្រជាពលរដ្ឋ​៧គ្រួសារ​នៅ​ក្នុង​​ស្រុក​បន្ទាយ​ស្រី ដែលបានសង់ផ្ទះខ្មែរត្រឹមត្រូវតាម​គំរូ​ ដែលអាជ្ញាធរគូរប្លង់ជូន

0

សៀរាប: នាយកដ្ឋានមរាមរមនាយកដ្ឋាន​​ដែនដី​នៃអាជ្ញាធរជាតិ​អប្សរា ​ព្រមទាំងមន្ត្រី​​សាលា​ស្រុក​​​បន្ទាយស្រី ​បាន​សហការ​​គ្នា​ចុះ​​ជូន​ប័ណ្ណ​សរសើរ ដល់ប្រជាពលរដ្ឋ​ចំនួន​៧គ្រួសារ ដែលរស់នៅ​ក្នុង​តំបន់រមណីដ្ឋាន​អង្គរ នា​​ឃុំ​ចំនួ​ន​៤​ដើម្បី​លើក​​ទឹក​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​បានសាង់សង់ផ្ទះខ្មែរ ត្រឹមត្រូវ​តាមការ​ណែ​នាំ របស់អាជ្ញាធរជាតិអប្សរា​។
ប្រជាពលរដ្ឋ​ទាំង​៧គ្រួសារ ដែលអាជ្ញាធរអប្សរា ​បាន​ចុះ​ជូន​ប័ណ្ណសរសើរ កាលពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៤ខែ​កុម្ភៈឆ្នាំ​២០២១​នេះ គឺ​៦​គ្រួសារ​រស់នៅ​ឃុំ​ប្រដាក ស្រុក​បន្ទាយ​ស្រី និង​១គ្រួសារ​ទៀត​រស់នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី​ដែរ​។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង​នៃ​អាជ្ញាធរជាតិអប្សរា ដែល​បានអញ្ជើញ​​​ជា​អធិបតី​នៃ​ការជូន​ប័ណ្ណ​សរសើ​រ​​នោះ ​មាន​ប្រសាសន៍ថា៖​តាមគោល​ការណ៍​របស់រាជរដ្ឋាភិបាល គឺកំពុង​ប្រឹង​ប្រែង​លើក​តម្លៃ​ផ្ទះ​ខ្មែរ ក្នុងគោល​បំណង​​ថែរក្សា​វប្បធម៌​​និង​អត្តសញ្ញាណ របស់​​ខ្មែរ​ឱ្យបានគង់វង្ស​យូរ​​អង្វែង​។​
ឯកឧត្តម​ យិត ចាន់ដារដ្ឋ ​មាន​ប្រសាសន៍​ទៀតថា៖​រមណីយដ្ឋានអង្គរ​គឺ​ជាតំបន់​វប្បធម៌ នៃ​អត្តសញ្ញាណ​ របស់ជាតិខ្មែរ ដូច្នេះ​ការដែលពលរដ្ឋ​ រស់នៅ​ក្នុងតំបន់រមណីយដ្ឋានអង្គរ សាង់សង់​ផ្ទះសម្បែង យកតាមគំរូផ្ទះខ្មែរ​ត្រឹមត្រូវ គឺជាការបង្ហាញ​ឡើង​នូវតម្លៃ​វប្បធម៌ ឱ្យមានកាន់តែយូរ​អង្វែង​ដែរ។​
ម្ចាស់ផ្ទះ​ខ្លះ នៅ​ក្នុង​ឃុំ​ប្រដាក និង​ឃុំ​រុន តាឯក ស្រុកបន្ទាយស្រី ដែល​បាន​ទទួលប័ណ្ណ​សរសើរ​ពី​អាជ្ញាធរជាតិអប្សរា ក្នុងការសាង់សង់ផ្ទះ​ខ្មែរ ​បាន​ត្រឹមត្រូវនោះ ​មានប្រសាសន៍ថា៖​គាត់​សែនត្រេក​អរ ដោយមិននឹកស្មាន​ថា​ផ្ទះ របស់គាត់​អាចត្រូវ​បាន​អាជ្ញាធរ​ចាត់ទុក​ជា​អត្ត​សញ្ញា​ណ​នៃ​វប្បធម៌ របស់ជាតិខ្មែរដូចនេះឡើយ​។​
លោកហ៊ុន សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រីបាន​​​រំពឹងថា៖​ផ្ទះ​ខ្មែរ ដែលអាជ្ញាធរអប្សរា បានចុះជូនប័ណ្ណ​សរសើរ​នេះ ​មិនត្រឹម​តែ​​ជាអត្តសញ្ញាណ​នៃ​វប្បធម៌ របស់ខ្មែរប៉ុណ្ណោះ​ទេ ​គឺ​តទៅមុខផ្ទះ​ទាំងនោះ​អាចនឹងក្លាយ​ទៅ​ជា​Home Stay ដែលអាចទាក់ទាញ​ភ្ញៀវទេសចរណ៍​បរទេស ឱ្យចាប់អារម្មណ៍ ព្រម​ទាំងឱ្យភ្ញៀវទាំងនោះ ចូលទៅស្នាក់នៅ​ ហើយបង្កើតជាការងារនិងកម្រៃ​ដល់​ប្រជាពលរដ្ឋ​ថែមទៀត​ផង​។​
នាយកដ្ឋានដែនដី​​នៃ​អាជ្ញាធរជាតិ​អប្សរា ​មានគំរោង​ចុះជូន​ប័ណ្ណ​សរសើរ​ ដល់ប្រជា​ពលរដ្ឋ​​ដែលរស់នៅ​ក្នុងរមណីយដ្ឋានអង្គរ ហើយសាងសង់ផ្ទះខ្មែរ​បាន​ត្រឹមត្រូវនេះ នៅ​ស្រុក​អង្គរធំ​និង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ពេលឆាប់ខាងមុខនេះទៀត​។​
លោក ស៊ឹម ប៊ុន​ធឿន អនុប្រធាន​នាយកដ្ឋានដែនដី នៃ​អាជ្ញាធរជាតិអប្សរា ​មានប្រសាសន៍​ថា៖​លោក​សូម​លើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុងរមណីយដ្ឋានអង្គរ ពេលសាងសង់ផ្ទះ​គឺត្រូវ​នឹកឃើញ​ដល់ផ្ទះខ្មែរ ពីព្រោះ​ផ្ទះខ្មែរ មិនត្រឹមតែ​ជាអត្តសញ្ញាណ​នៃ​វប្បធម៌ ប៉ុណ្ណោះ​ទេ គឺ​វា​មា​ន​​​ទំនាក់ទំនង​ជិតស្និទ ជាមួយ​និងអាកាសធាតុ ​មានទំនាក់ទំនងនិងជីវភាព​ មុខរបរប្រចាំ​ថ្ងៃ ព្រម​ទាំង​​ភ្ជាប់ទៅនិងជំនឿ​ផង​៕