ផ្លូវ​បេតុង​១ខ្សែ​​ ត្រូវ​បាន​ក្រុមហ៊ុន​ យ៉េន​ ស៊ីនួន​ ​លាប​កៅស៊ូ​ដេីម្បី​បិទបាំង​​ បន្ទាប់​ពី​សាងសង់​រួច​ត្រឹម​រយៈពេល​ជាង៤ខែ​​

0

កំពង់ចាម​:​ ផ្លូវ​បេតុង​អាមេ​១ខ្សែ​ ប្រវែង​៨៨៤ម៉ែត្រ​ គិត​ជាថវិកា​សរុប​ជាង​២២៥​លានរៀល​​ ដែល​ជា​គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០២០​​ ​សាងសង់​ឡេីង​ដោយ​ក្រុមហ៊ុន​ យ៉េន​ ស៊ី​នួន​ នា​អំឡុង​ដើម​ខែ​តុលា​ ឆ្នាំ​២០២០​ នៅភូមិ​ក្រោយ​វត្ត​ តភ្ជាប់​ទៅ​ភូមិ​ត្រពាំង​ពោន​​​ ​ស្ថិតក្នុង​ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​គេ​លាបកៅស៊ូ​ពី​លេី​ដេីម្បី​ធ្វើ​ការ​បិទបាំងនូវ​អ្វី​មួយ?​ ប៉ុន្តែ​ទីបំផុតនៅតែ​លេចចេញ​ជាស្នាម​ប្រេះស្រាំ​ហុយ​ទ្រលោម​ ។

​លោក​ជឹម​​ សំអាត​ មេភូមិ​ក្រោយ​វត្ត​ បាន​ឲ្យដឹងថា​ គម្រោង​ផ្លូវ​បេតុង​អាមេ​​១ខ្សែ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ យ៉េន​ ស៊ី​នួន​ ​ទទួល​ការ​សាងសង់​ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​​២២៥.៤២០.០០០​រៀល​ ដែល​ចាប់ផ្ដើម​អនុវត្ត​កាលពី​ដេីម​ខែ​១០​ ឆ្នាំ​២០២០​ មិនទាន់​​បាន​ប៉ុន្មាន​ខែ​ផង​ ស្រាប់តែ​ប្រេះ​ខូច​ជាបន្តបន្ទាប់​ ឡេីង​ហុយ​ទ្រលោម​ ហើយ​ខាង​ក្រុម​ហ៊ុន​ បាន​យក​កៅស៊ូ​ មក​លាប​ពី​លើ​ ក្នុង​គោល​បំណង​បិទបាំង​ស្នាម​ប្រេះស្រាំ​នោះ​ ដែល​ទង្វើរ​នេះប្រជាពលរដ្ឋ​​មិន​អាច​ទទួល​យក​បាន​ឡេីយ​ ហេីយ​លោក​ក៏​បាន​សំណូមពរ​ថា​ បេីបាន​ជា​​កសាង​ហើយ​នោះ​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​បាន​ស្រួល​ និង​យូរអង្វែង​ផង ។
លោក​មេភូមិ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ផ្លូវ​១ខ្សែ​នេះ​​ទទួល​រងការ​ខូចខាត​​ហើយ​នោះ​ ខាង​ក្រុម​ហ៊ុន​បាន​ចោទ​ប្រកាន់​ទៅ​លើ​រថយន្ត​ដឹក​ដី​ ប៉ុន្តែ​ផ្លូវ​បេតុង​​តភ្ជាប់ជាមួយ​គ្នា​នោះ​ ដែល​ក្រុម​ហ៊ុន​ផ្សេង​ទទួល​ការធ្វើ​តាម​ក្រោយ​​ ពុំមាន​ការខូចខាត​ដូច​ផ្លូវ​ដែល​ក្រុម​ហ៊ុន​ យ៉េន​ ស៊ី​នួន​ ធ្វើ​នោះ​ឡើយ​ ។
លោក​ សាន់​ សុខខេន​ មេឃុំ​គរ​ បាន​ឲ្យដឹងថា​ ចំពោះ​បញ្ហា​ផ្លូវ​ដែលរងការខូចខាត​ខាងលេី​នេះ​ លោក​បាន​ប្រាប់​ឲ្យខាង​ក្រុមហ៊ុន​​ ធ្វើ​ការ​​ជួសជុល​ឡេីង​វិញ​ហើយ​ ដោយ​គ្រាន់តែ​លាប​កៅស៊ូ​ពី​លេី​ ឬយ៉ាងណា​នោះ​ លោក​មិន​បានដឹង​ទេ​ ។
ដោយឡែក​ លោក​ ប្រាក់​ ទិត្យ​ នាយក​ទីចាត់ការ​ផែនការ​ និង​វិនិយោគ​ ខេត្តកំពង់ចាម​ បាន​ប្រាប់​អ្នកសារព័ត៌មាន​​ឲ្យដឹងថា​ គម្រោង​ស្ថាបនា​ផ្លូវ​១ខ្សែ​នេះ​ គឺ​ត្រូវ​ចំណាយ​ថវិកា​រដ្ឋ​អស់​ច្រើន​ណាស់​ ចំពោះ​ករណី​ដែល​ក្រុមហ៊ុន​ទទួល​ការ​ធ្វើ​របៀប​នេះ​ គឺលោក​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​លោក​នឹង​ចាត់​តាំង​មន្ត្រី​ជំនាញ​ឲ្យ​​ចុះ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​​ផង​ដែរ​ ។
សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​យើងបាន​ទៅ​ថត​ ខាង​ក្រុមហ៊ុន​ ក៏បានទៅ​លាបកៅស៊ូ​បន្ថែម​ពី​លើ​ នៅកន្លែង​ដែល​ចន្លោះ​ខ្វះខាត​នោះ​ថែមទៀត​ផង​ដែរ ៕