អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅក្នុងបរិវេណវត្តទេពប្រណម្យ និងក្រុមប្រាសាទព្រះពិធូរនៃក្រុងអង្គរធំ

0

សៀមរាប៖ ដើមឈើមួយចំនួនដែល នៅក្នុងវត្ដទេពប្រណម្យក្នុងបរិវេណអង្គរតូច ត្រូវបានអាជ្ញាធរជាតិអប្សរា បានកាត់ក្រីនិងដកហូត ដើម្បីបញ្ជៀសហានីភ័យផ្សេងៗដល់ភ្ញៀវទេសចរ។
លោក ជូ រ៉ាឌីណា អនុប្រធាន នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានអោយដឹងនៅរសៀលថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១នេះ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់ក្នុងបរិវេណវត្តទេពប្រណម្យ និងក្រុមប្រាសាទព្រះពិធូរនៃក្រុងអង្គរធំ។ ការងារនេះ ធ្វើឡើងដើម្បីធានាសុវត្តិភាពជូនពុទ្ធបរិស័ទ និងព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលដល់តួដើម បង្ការកុំឲ្យបាក់ដួលរលំខូចខាតដល់សាលាឆាន់ កុដិ និងយានយន្តគ្រប់ប្រភេទ ព្រមទាំងបង្កឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ។លោកបានបន្ដថា លើសពីនេះ ការចុះកាត់ក្រី និងដកហូតដើមឈើទាំងនោះ ក្នុងបំណងសម្រួលកិច្ចការអភិរក្សនិងជួសជុលប្រាសាទផងដែរ។លោកបន្ថែមថា ដើមឈើដែលបាននិងកំពុងកាត់ដកហូតមានចំនួន៥ដើមរួមមាន ដើមអង្កោល១ដើម ដូនកាយ២ដើម ស្ពង់១ដើម និងឈើយាង១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតមកលើសាលាឆាន់ និងកុដិ ដួលមួយផ្នែកចំពីមុខប្រាសាទ ដុះជាប់ខឿនប្រាសាទផ្នែកខាងត្បូង មានជំងឺពុកគល់ ប្រព័ន្ធឬសខ្សោយចាក់ចូលក្នុងរចនាសម្ព័ន្ធប្រាសាទ។ ចំណែកឯដើមឈើដែលកំពុងកាត់ក្រីមែកមានចំនួន៥ដើមរួមមាន ដើមឈើយាង២ដើម ស្ពង់២ដើម និងចាមរី១ដើម ដុះជាប់ផ្លូវចូលវត្ត និងដុះជាប់ខឿនប្រាសាទផ្នែកខាងជើងឈៀងខាងលិច មានមែកសាខាច្រើនគ្របពីលើប្រាសាទ៕