បើករថយន្ដរយ៉ែថយក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា ដោយបើករថយន្តរយ៉ែថយក្រោយបុកជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចមុខឃ្លាំងលក់អេចាយគ្រឿងសំណង់ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ម្សិលមិញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កមានឈ្មោះ អឿន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ពៅ ឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពព័ត៌មាននៅមុនកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនបង្កបានឡើងបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4883 រយ៉ែថយក្រោយមិនប្រយ័ត្ន ក៏ស្រាបតែជ្រុលទៅបុកជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕