រថយន្តដឹកទំនិញបុករថយន្តគយចល័តពីក្រោយរបួសធ្ងន់ស្រាល៤នាក់

0

សៀមរាប ៖ រថយន្តដឹកទំនិញមួយគ្រឿងបានបុករថយន្តមន្រ្តីគយចល័តពីក្រោយរបួសស្រាល៤នាក់ កាលពីវេលាម៉ោង២និង៣០ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិ ៦៧ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រីបានឲ្យអ្នកកាសែតដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បើកបរដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលើ ឃុំវិហារលួងក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណើ ម្នាក់ បើកបរមានទិសដៅពីត្បួង ទៅ ជើងបានបុក នឹងរថយន្ត មួយគ្រឿង ម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10 2- 0285 បើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរចំនួន០៣ នាក់ បើកបរមានទិសដៅពី ត្បួង ទៅជើង ។
លោកអធិការបានបន្តទៀតថា គ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើកបររថយន្តពាក់ផ្លាកលេខ កំពង់ចាម 3A-6255 បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុករថយន្ត ពាក់ផ្លាកលេខ រដ្ឋ 10 -2- 0285 ពីក្រោយបណ្តាលឲ្យរងរបួសមនុស្សចំនួន ៤នាក់ និងខូចខាតរថយន្តជាទម្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕