អតីតស្វាមីចាក់ស្ត្រីជាប្រពន្ធបណ្ដោលឪ្យរងរបួសធ្ងន់ខណៈសុំត្រូវគ្នាវិញខាងស្រីមិនព្រមរួចគេចខ្លួនបាត់

0

សៀមរាប៖ ស្ត្រីជនរងគ្រោះនិងជាអ្នកលក់ដូរនៅផ្សារលើធំថ្មីម្នាក់បានរងរបួសធ្ងន់ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានករណី ហិង្សាចេតនា ដោយមានស្ថានទម្ងន់ទោសមួយករណី ស្ថិតនៅត្រង់ចំណុចខាងមុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចក្រុងសៀមរាបបានឪ្យដឹងថា បង្ករឡើងដោយជនសង្ស័យឈ្មោះ តាំង លាប ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់PassApp មានទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើសកម្មភាពយកកូនកាំបិទចាក់ ទៅលើជនរងគ្រោះជាស្ត្រីចំឆ្អឹងជំនីខាងស្ដាំ ខាងក្រោមសុដន់ បណ្ដាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះឈ្មោះ លាន ប៊ុនណាត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប(របួសធ្ងន់)។
សមត្ថកិច្ចក្រុងបន្តថា ក្រោយធ្វើសកម្មភាពរួច ជនបង្ករ បានយកម៉ូតូ របស់ប្រជាការពារភូមិ ជិះគេចខ្លួនទៅផ្ទះបាត់ ពីកន្លែងកើតហេតុ ក្រោយពេលទៅដល់ផ្ទះ ជនបង្ករបានយករថយន្តមួយគ្រឿងជិះ គេចខ្លួនបន្តទៀត រថយន្តដែលយកទៅមានផ្លាកលេខ សៀមរាប 2C 71 73 និងលេខទូរស័ព្ទរបស់ជនបង្ករ ០៩២ ៩៩ ៨៩ ៥៥។
ពីមូលហេតុ ជនបង្ករ និងជនរងគ្រោះធ្លាប់ជាប្តីប្រពន្ធ និងគ្នាតែបានលែងលះគ្នារួចហើយ តែជនបង្ករសុំត្រូវគ្នាវិញ តែជនរងគ្រោះមិនយល់ព្រម បច្ចុប្បន្ន ជនរងគ្រោះត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ស៊ឹង រឹទ្ធីរ៉េត ដោយឡែកជនបង្ករ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនផ្ដន្ទាទោសតាមច្បាប់ ៕