ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុចស្តុ​បទួល​ទំពូង​របួសធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​

ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​២​នាក់​បញ្ច្រាស់​ផ្លូវ​ក៏​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​បុរស​ម្នាក់​រង​របួសធ្ងន់​និង​ស្រាល​២​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រា​ត្រ​

ឈានចូល​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន ទន្លេបាសាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1CM-2448  ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ល្បឿន​យ៉ង​លឿន ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​វីវ៉ា ពណ៍​ខ្មៅ​មួយគ្រឿង មិន​មាន​ស្លាក​លេខ ជិះ​ដោយ​បុរស​២​នាក់​បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិច​ទៅ​កើត​បញ្ច្រាស់​ផ្លូវ​ក៏​បាន​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ វីវ៉ា​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ហើយ​បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់ ចំណែក​យុវជន​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​រង​របួសស្រាល​ដាច់​រលាត់​មុខ​និង​ដៃជើង​ចេញឈាម​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាមៗ​និង​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​មក​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ជា​ក្រោយ ៕​

1