កម្មកររោងចក្រមកពីទីក្រុងភ្នំពេញល្មើសនឹងបំរាមរបស់ប្រមុខរាជរដ្ឋភិបាល លួចចូលមកស្រុកកំណើតជិត៤០នាក់ អាជ្ញាធរខេត្តយកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ

0

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអជ្ញាធរស្រុកកំពង់លែង នៅរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសាឡាង ដឹករថយន្តពេទ្យចំនួនពីរគ្រឿង ទៅកាន់ស្រុកកំពង់លែង និងរថយន្តមន្ត្រីពេទ្យផ្សេងទៀត នៅកំពង់ផែថ្មី ផ្សារក្រោមចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំង ដើម្បីត្រៀមរង់ចាំដឹកជញ្ជូនប្រជាពលរដ្ឋកម្មកររោងចក្រមកជិត៤០នាក់ បានល្មើសនឹងបម្រាមគោចររបស់ ប្រមុខរាជរដ្ឋភិបាល ដែលបានហាមប្រាមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយមិនអនុញ្ញាតឲ្យអ្នកដែលនៅរាជធានីភ្នំពេញ ឬអ្នកនៅក្រៅខេត្ត ធ្វើដំណើរ ចូលមកទឹកដីខេត្តកំពង់ឆ្នាំងនោះឡើយ ប្រសិនបើនៅតែល្មើសអាជ្ញាធរខេត្ត និងបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចាប់យកទៅធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ រួមទាំងធ្វើការពិនិត្យសំណាកផងដែរ។
អាជ្ញាធរ ស្រុកកំពង់លែង បានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែមេសានេះ ឲ្យដឹងថា ពលរដ្ឋជិត៤០នាក់ ចូលមកទឹកដីស្រុកកំពង់លែង ដែលជាភូមិកំណើតរបស់ពួកគេ ពលរដ្ឋទាំងនោះមកពីក្រុងភ្នំពេញ ជាកម្មករធ្វើការរោងចក្រ បានធ្វើដំណើរមកកាន់ស្រុកកំណើត នៅក្នុងឃុំស្វាយរំពារ និងឃុំដារ ពលរដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅឯមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស និងយកសំណាកពិនិត្យផងដែរ។
លោក ងិន ចាន់សារ៉េត ជាអ្នកដឹកនាំក្រុមការងារ ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីទទួលបាន បទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត ដែលបានបញ្ជាក្រុមការងារឆ្លើយ តបបន្ទាន់ របស់មន្ទីរសុខាភិបាល រួមនិងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាល ខេត្តឱ្យចុះទៅ នាំយកពលរដ្ឋនៅកំពង់លែង ដែលបានវិលមកពីភ្នំពេញ ប្រមាណជិត៤០នាក់ បានចូលមកស្រុក កំណើតរបស់ពួកគេ ដែលបានប្រព្រឹត្តផ្ទុយនិងបម្រាមរបស់ប្រមុខរាជរដ្ឋភិបាល។ ភ្លាមនោះដែរលោកក៏បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ចុះទៅស្រុកកំពង់លែងដើម្បីប្រមូលបងប្អូនប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំស្តី ពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីថ្ងៃទី៥ ខែមេសា ដោយត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកមកពីភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗក្នុងនោះដែរអាជ្ញាធរខេត្ត ក៏បានណែនាំទៅកាន់ឪពុកម្ដាយ និងក្រុមគ្រួសារដែលមានបងប្អូនកូនចៅដែលបានទៅធ្វើការនៅភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗឬនៅក្រៅប្រទេសត្រូវទូរស័ព្ទប្រាប់បងប្អូនកូនចៅទាំងអស់នោះមិនចាំបាច់ឱ្យមកលេងផ្ទះនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះទេករណីនៅតែចចេសមកអាជ្ញាធរ និងនាំយកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយគ្មានការយោគយល់នោះឡើយ៕ សុខ គឹមសៀន