សមត្ថកិច្ចខេត្តព្រះវិហារឆ្មក់បង្ក្រាបទីតាំងភ្នាល់ល្បែងសុីសងតាមonline ឃាត់បាន១០នាក់ រត់រួចជិត៥០នាក់ !

0

ព្រះវិហារ៖ មនុស្ស១០នាក់ ត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈពេលកំពុងភ្នាល់ល្បែងស៊ីសងមួយកន្លែង មានល្បែងជល់មាន់ ល្បែងប្រដាល់ និងល្បែងផ្សេងៗទៀត តាមonline។ ក្នុងនោះក៏មានមនុស្សជាច្រើននាក់ទៀតបានគេចខ្លួន ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងភ្នាល់ល្បែងខាងលើនេះ ដឹកនាំផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានប្រាប់អ្នកសារព័ត៌មានថា ការឃាត់ខ្លួននេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ១៩។

លោក វុធ សាវី បានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់, ម៉ូតូ៣០គ្រឿង, ឡាន៣គ្រឿង, ទូរទស្សន៍២គ្រឿង, នឹងសម្ភារភ្នាល់មួយចំនួនផងដែរ។

បច្ចុប្បន្ន ជនញៀននឹងលែ្បង រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់៕សួនលីណា