បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 លើកទីមួយជូនដល់គ្រួសារកងទ័ព និងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ជិតមួយពាន់នាក់

0

ខេត្តកំពង់ធំៈ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនដល់គ្រួសារកងទ័ពចំណុះចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គ្រួសារកងទ័ពនៃស្នាក់ការការិយាល័យទី 2 កងទ័ពជើងគោកប្រចាំខេត្តកំពង់ធំ និងគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលមានចំនួនជិតមួយពាន់នាក់​ ។

ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនដល់គ្រួសារកងទ័ព បានធ្វើឡើងនៅព្រឹកថ្ងៃទី 13 ខែមេសា ឆ្នាំ 2021ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការរង និងក្រុមគ្រូពេទ្យនៃគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានគ្រួសារកងទ័ព និងគ្រួសារកងរាជអាវុធហត្ថសរុបជិតមួយ១០០០នាក់ ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ហើយកំពង់ធំ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំទំនាក់ទំនង ជាមួយសាធារណរដ្ឋ ប្រជាមានិតចិនជាមិត្តដើម្បីបានវ៉ាក់សាំងមកចាក់ជូនកងទ័ព និងគ្រួសារកងទ័ព នៃកងយុទ្ធពលខេមរៈភូមិន្ទនៅពេលនេះ ។

 

ក្នុងនោះក៏បានសំណូមពរដល់ក្រុមគ្រួសារយោធិន និងក្រុមគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងអស់ ត្រូវតែប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការពារការឆ្លងមេរោគកូវីដ19 ដោយត្រូវអនុវត្តឲ្យបាននូវវិធានការ 3 កុំ និង3 ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឲ្យបានខ្ជាប់ខ្ជួន ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 រួចហើយក្តី ។

ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នៅវិធានការរដ្ឋបាលនានា របស់រាជរដ្ឋាភិបាល ការដូចជារដ្ឋបាលខេត្តកំពង់ធំ ក្នុងការបិទមិនឲ្យមានការជួបជុំដែលមានគ្នាច្រើន មិនឲ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត និងការជួបជុំសប្បាយរីករាយផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនាំឲ្យមានការឆ្លងរីករាលដាលនៃមេរោគ covid-19 ចូលដល់គ្រួសារយើង និងសហគមន៍យើង ហើយបើមិនមានការចាំបាច់បងប្អូនត្រូវនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីការពារអាយុជីវិតយើងនិងក្រុមគ្រួសារយើងគ្មានជំងឺកូវីដ19

បន្ទាប់មកក្រុមការងារបច្ចេកទេស នឹងក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនក្រុមគ្រួសារនៃកងយុទ្ធពលខេមរភូមិន្ទ នៅខេត្តកំពង់ធំប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។ ដោយ ប៊ុន រដ្ឋា