នគរបាលការពារព្រំដែនឃាត់ខ្លួនមេខ្យល់ម្នាក់នាំពលករខ្មែរ២នាក់ឆ្លងដែនច្បាប់

0

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនខ្លួនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ខេមេសា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបន្តទៅសាលាដំបូង តាមនិតិវិធីច្បាប់។
លោក ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនសង្ស័យឈ្មោះ នឹម វណ្ណា ភេទប្រុសអាយុ ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកអធិការបន្តទៀតថា ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ ៨០៧ បានធ្វើការឃាត់ខ្លួនជាមួយនិងពលករខ្មែរប្រុស.ស្រី ចំនួន០២នាក់ មានឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាត បឹម ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រកស្តុកស្តោរ ក្នុងភូមិសាស្ត្រ ឃុំគោករមៀង ស្រុកថ្មពួក រួចបានបញ្ជូនខ្លួនទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ។
លោកបានបញ្ជាក់ថា៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យឈ្មោះ នឹម វណ្ណា ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកពលករប្រុស.ស្រី ទាំង០២នាក់ នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ៕